ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាមួយសម្តេចរាជបុត្រីព្រះអនុជ លោក លោកស្រី ក្នុងពិធីសម្ពោធពិព័រណ៍ព្រះបរម ឆាយាលក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ នៅក្នុងបរិវេណសួនព្រះរាជឱង្ការ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ពិព័រណ៍នេះ ចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយព្រះរាជជីវប្រវត្តិ ស្នាព្រះហស្តនិងព្រះ រាជសកម្មភាពប្រកបដោយទសពិធរាជធម៌ តាមរយៈការតាំងពិព័រណ៍ព្រះបរមឆាយាលក្ខណ៍របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិព័រណ៍បានឆ្លុះបញ្ចាំងនូវកម្រងព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពនៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលរួមបញ្ចូលព្រះរាជសកម្មភាពស្តេចយាងដង្ហែតាមព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋក្នុងវិស័យនយោបាយ មនុស្សធម៌ សប្បុរសធម៌ និងសង្គមកិច្ច ប្រកបដោយព្រះរាជហឫទ័យថ្លៃថ្លា សន្តោសប្រោសប្រណីដល់ប្រជានុរាស្ត្រនៃព្រះអង្គ ។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ជើញបងប្អូន សមាជិក សមាជិកា សាធារណជន មកទស្សនាពិព័រណ៍ ដែលប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា