ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៧៨គ្រួសាររស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌ដែលសប្បុរសជនឧបត្ថម្ភតាមរយៈអាជ្ញាធរខណ្ឌ។
សកម្មភាពនាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដល់លំនៅឋាននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ និង លោកម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងជាអធិការនគរបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។
មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបានថ្លែងដូច្នេះថា ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌសម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។
លោកអភិបាលខណ្ឌបានបន្តថាក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើន ថែមទៀត ។ អ្វីដែលសំខាន់ ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍ នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។
ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលខណ្ឌនិងក្រុមការងារបានធ្វើដំណើរចុះពិនិត្យស្ពានឈើដែលទើបតែសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រឡាយចូលទៅកាន់លំនៅឋាន ។
អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ៕
ដោយ៖ សណ្តោស