សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកនឹងបង្ហាញទៅកាន់ទីក្រុងមូស្គូនូវសំណើផែនការមួយ សម្រាប់ការបិទបញ្ចប់សង្រ្គាម នៅដែលវាត្រូវបានឯកភាពដោយសហគមន៍អន្តរជាតិ។លោក ហ្សេលេនស្គី បានប្តេជ្ញាដូចខាងលើ នៅឯប្រទេសស្វីស អំឡុងការថ្លែងសារទៅកាន់ កិច្ចប្រជុំកំពូលលើកដំបូង ស្តីពីការស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់លោក ដែលត្រូវបានចូលរួមដោយប្រទេសជាង៩០ ប៉ុន្តែមិនមានរុស្ស៉ី។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តល់មូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកដំណោះស្រាយ ដែលប្រកបដោយយុត្តិធម៌ និងមានប្រសិទ្ធភាពយូរអង្វែង ជាមួយរុស្ស៉ី។
លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «ពួកយើងចាំបាច់ត្រូវសម្រេចចិត្តរួមគ្នាថា តើសន្តិភាពប្រកបដោយយុត្តិធម៌ មានន័យយ៉ាងណា សម្រាប់ពិភពលោក និងថាតើវាអាចត្រូវសម្រេចទៅបានក្នុងរបៀបមួយ ដែលមានឋិតថេរយូរអង្វែង ដោយមធ្យោបាយបែបណា។ បន្ទាប់មក វានឹងត្រូវបង្ហាញទៅកាន់តំណាងរបស់ប្រទេសរុស្ស៉ី ដើម្បីនៅកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ យើងអាចរកបានដំណោះស្រាយពិតប្រាកដមួយ សម្រាប់ការបិទបញ្ចប់សង្រ្គាម»។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបាននិយាយនោះទេ ថាតើលោករូបបានត្រៀមលក្ខណៈ ដើម្បីបើកកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែរឬអត់។
ដោយឡែក មួយថ្ងៃមុនការបើកកិច្ចប្រជុំសន្តិភាពនៅស្វីស លោក ពូទីន ក៏បានដាក់ចេញនូវលក្ខខណ្ឌរបស់លោកផ្ទាល់ សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ លោកប្រធានាធិបតីរុស្ស៉ី បានទាមទារឱ្យអ៊ុយក្រែន ដកកងកម្លាំងចេញពីតំបន់ភាគខាងកើតនិងខាងត្បូងប្រទេស ហើយបោះបង់ចោល មហិច្ឆតាចង់ចូលរួមក្នុងបក្សសម្ព័ន្ធយោធា NATO។ ការដាក់លក្ខខណ្ឌនេះ ត្រូវបានច្រានចោលភ្លាមៗដោយលោក ហ្សេលេនស្គី។
អំឡុងកិច្ចប្រជុំខាងលើ ក្រុមមេដឹកនាំលោកខាងលិច បាននាំគ្នាប្រកាសសន្យាបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការដោះស្រាយជម្លោះ ដោយឈរលើលក្ខខណ្ឌរបស់ទីក្រុងកៀវ។ យ៉ាងណាក្តី ប្រទេសមួយចំនួនផ្សេងទៀត បានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការផ្តល់សំឡេងឱ្យទៅរុស្ស៉ី ដែលជាភាគីជម្លោះផ្ទាល់ និងបានរិះគន់ការដាក់ទណ្ឌកម្មខ្លះរបស់លោកខាងលិច ប្រឆាំងទីក្រុងមូស្គូ៕ ដោយ៖ ធីរីណា
រូបថត៖ Mekongasean