ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការស្ថាបនា ស្ពានអាកាសភ្លោះ គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រី នៃកម្ពុជា បញ្ជាក់ថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅពេលដែលចំនួនប្រជាជនមានការកើនឡើងនៅក្នុងទីក្រុង គឺតម្រូវឱ្យមានការពង្រីកផ្លូវ ស្ពាន ស្ពានអាកាស រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ កំណើនពលរដ្ឋ និងជីវភាពពលរដ្ឋកាន់តែប្រសើរ ធ្វើឱ្យភ្នំពេញ និងខេត្តជាច្រើន កំពុងប្រឈមនឹងកង្វះខាតកន្លែងចតយានយន្ត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តថា ៖ សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនខ្ពស់ឡើងវិញ ដោយសារកាលពីឆ្នាំ២០២៣ មានកំណើនប្រមាណ ៥ ភាគរយ, ឆ្នាំ២០២៤ រំពឹងកំណើនខ្ពស់ ហើយនៅឆ្នាំ២០២៥ ក៏កាន់តែមានកំណើនខ្ពស់ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ សម្ដេចធិបតីបញ្ជាក់ថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។

សម្តេចថ្លែងបែបនេះ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ ជា អធិបតី ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ប។ 

សូមបញ្ជាក់ថា ៖ គម្រោងស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖