ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញា​ចោរលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​២នាក់ និង​ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២៤​ បានបង្ហាញមុខសញ្ញា​ចោរលួចយ៉ាងសកម្មចំនួន​២នាក់ជាបន្តបន្ទាប់ ក្រោយចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុច ផ្លូវលេខ៥២២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នឹងផ្លូវ១២៦ ភូមិ២ ក្រុម១៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសកម្មចំនួន០២នាក់។

ជនសង្ស័យទី១-ឈ្មោះ សុក កក្កដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៧ ផ្លូវលេខ៩០០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី២-ឈ្មោះ ចាន់ សុធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។ 

គួរបញ្ជាក់ថា​ ជនសង្ស័យខាងលើនេះ​ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន។

ចំណែក​សម្ភារៈចាប់​យក​ពី​ជនសង្ស័យ​រួមមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AB-2219 (ស្លាកលេខមិនប្រក្រតី), ទួណឺវីសដងជ័រ ចំនួន១, កូនសោចិញ្ចៀនកែច្នៃ ចំនួន១ និងដែកឆាបដងឈើចំនួន១។

ក្រោយឃាត់ខ្លួន​ជនសង្ស័យ​ ចំពោះម៉ូតូដែលបានដកហូតខាងលើ កម្លាំងជំនាញ​នៃនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានប្រគល់ជូនម្ចាស់ដើមវិញហើយ។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រៀមបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បី​ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖