អន្តរជាតិ ៖ សហភាពអឺរ៉ុបបានប្រើប្រាស់វិធានការគាំពារនិយមដោយផ្តេសផ្តាស ក្រោមលេស “ប្រឆាំងឧបត្ថម្ភកធន” ទាក់ទិននឹងរឿងនេះ ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មនៃប្រទេសអឺរ៉ុបជាច្រើនបានសម្តែងការប្រឆាំងចំពោះការដែលយកពន្ធគយស្តីពីការប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ។ នេះបើយោងតាម គេហទំព័រ «CCFR China state-controlled media » បានផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។
ដោយឡែក កាសែត «Der Standard» នៃប្រទេសអូទ្រីសបានចុះផ្សាយអត្ថបទអះអាងថា សហភាពអឺរ៉ុបបានដើរតាមផ្លូវខុសនៃការគាំពារនិយមផ្នែកពាណិជ្ជកម្ម ។ គណៈកម្មាធិការសហភាពអឺរ៉ុបចង់ប្រើប្រាស់ពន្ធគយបង្កើតជារបាំងការពារមួយ ។ ប៉ុន្តែ ល្គឹកណាដែលគណៈកម្មាធិការសហភាពអឺរ៉ុបអនុវត្តវិធានការនេះ នោះវានឹងបណ្តាលឱ្យអ្នកប្រើប្រាស់អឺរ៉ុបត្រូវចំណាយកាន់តែច្រើន ព្រមនិងរារាំងដល់ជំហានកំណែទម្រង់នៃឧស្សាហកម្មរថយន្តរបស់អឺរ៉ុបដែលជារឿងបន្ទាន់ទៀតផង ។
ស្ថានីយវិទ្យុ Deutsche Welle របស់ប្រទេសអាល្លឺម៉ង់បានចេញផ្សាយបទវិភាគថា ការដែលសហភាពអឺរ៉ុបដំឡើងពន្ធគយនឹងបណ្តាលឱ្យអឺរ៉ុបផ្តាច់ចេញពីទីផ្សារប្រទេសចិន រីឯទីផ្សារចិនត្រូវគេសម្គាល់ឃើញថា ជាទីផ្សារមានលក្ខណៈច្នៃប្រឌិតថ្មីជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ អ្នកវិភាគបានអះអាងថា បើសិនជាសហភាពអឺរ៉ុបទប់ស្កាត់សហគ្រាសរថយន្តចិន នោះការធ្វើបរិវត្តកម្មរថយន្តអគ្គិសនីរបស់អឺរ៉ុបនឹងមានភាពកាន់តែយឺតយ៉ាវថែមមួយកម្រិតទៀត ៕
ដោយ ៖ សិលា