ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទឃាតកម្ម(ប្រើដៃវាយក្បាលផ្នែកខាងក្រោយទារកអាយុ០៤ខែបណ្ដាលឱ្យស្លាប់)

ចែករំលែក៖

     ភ្នំពេញ​៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧:០០នាទី បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទឃាតកម្ម(ប្រើដៃវាយក្បាលផ្នែកខាងក្រោយទារកអាយុ០៤ខែបណ្ដាលឲ្យស្លាប់) ឃាត់ខ្លួននៅចំណុចលើផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

មន្រ្តី​នគរបាល​ខណ្ឌ​ទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា​ ជនសង្ស័យខាងលើនេះ​ បានប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់លេខ២០២ ជាន់ទី២ ផ្ទះសំណាក់តារាពេជ្រ ទីតាំងផ្ទះលេខ១២ ផ្លូវលេខ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥​និង៣០នាទីទាបភ្លឺ ។

    ជនសង្ស័យឈ្មោះ ធន ថាវីន ហៅ គឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួលមិនចាំលេខ ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   វត្ថុតាងចាប់យកមាន៖

-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-7160 មានលេខតួនិងលេខម៉ាស៊ីន97201917 (ចាប់យកពីជនសង្ស័យរូបនេះ)

   បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖