ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចុចបូតុងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុចបូតុងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ 

ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦ ២០០ ៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពាននេះមានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយកន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣ គន្លង។ 

ស្ពានមានកម្ពស់សុវត្ថិភាព ៥,៥ម៉ែត្រសម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារទោសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ, ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និងការរៀបចំរចនាជាសួនច្បារបៃតងផងដែរ។

គួរឲ្យដឹងថា ការសាងសង់ស្ពានអាកាសនេះបានបង្វែរពីការសាងសង់ស្ពានអាកាស គង់ សំអុល នៅត្រង់ចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្សី មហាវិថីស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដោយយល់ឃើញថានៅពេលដែល អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលកំពុងស្ថាបនានៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការជាមុនសិន ហើយ លើសពីនេះ ក្រោយពេលធ្វើការផ្ទេរទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) រួចនោះ ការកកស្ទះចរាចរណ៍គ្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ីនឹងត្រូវកាត់បន្ថយមួយកម្រិតធំ ជាហេតុធ្វើឱ្យមិនទាន់មានតម្រូវការជាអាទិភាព សម្រាប់ការសាងសង់ស្ពានអាកាសនេះ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យរួមគ្នា គិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យជាដើម ព្រោះជារឿងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំសំណង់ និងប្រព័ន្ធសុវត្ថិភាព ខ្ញុំបានឲ្យឯកឧត្ដម កែវ រតនៈ ពិនិត្យមើលរៀបចំឲ្យហើយ  ! ខ្ញុំឲ្យគិតគូរអំពីច្បាប់គ្រប់គ្រង រឿងប្រព័ន្ធអូសហ្កាស ចូលក្នុងផ្ទះ ព្រោះថា ថ្ងៃក្រោយអគារខ្ពស់ ប្រើប្រព័ន្ធហ្កាសច្រើន ដូច្នេះត្រូវមានប្រព័ន្ធសុវត្ថិភាព»។ លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យត្រូវគិតឲ្យហើយ និងរៀបចំជាមួយក្រសួងដែនដី និងសំណង់ ដាក់ស្តង់ដារ ទាំងភ្លើង ទាំងទឹក ទាំងហ្កាស ដែលត្រូវបង្គុំចូល ទៅក្នុងការរៀបចំផែនការ និងគោលនយោបាយ គោលការណ៍សុវត្ថិភាពអគារសំណង់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាពេលអនាគត អាចមានក្រុមហ៊ុនផ្គត់ផ្គង់ហ្កាសជាតំបន់ ដែលមានការរៀបចំ ដូចប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹក។ សម្ដេចធិបតី បានបន្ដថា បើសិនជាប្រតិបត្តិករលក់ហ្គាស អត់មានសុវត្ថិភាព អត់មានស្តង់ដារ គឺចាក់ទាំងប្រថុយប្រថាន ប្រឈមនឹងគ្រោះថ្នាក់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យស្ថាប័ន-ក្រសួងពាក់ព័ន្ធ ត្រូវគិតគូរចំពោះរឿងសំណង់ រឿងអគារ រឿងក្រុង ឲ្យមែនទែន ព្រោះវាជារឿងសំខាន់ និងជាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖