ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការ អនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី១ និងប្រកាសបន្តគម្រោងដំណាក់កាលទី២» និងការសម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា»

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តគម្រោងអភិវឌ្ឍន៍ យុវជនដំណាក់កាលទី១ និងប្រកាសបន្តគម្រោងដំណាក់កាលទី២» និងការសម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា» ដោយមានការ ចូលរួមពីសំណាក់ លោកJacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក ប្រធានអង្គភាព តំណាងដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០នាក់។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ លោកអគ្គនាយកអង្គការស៊ីប៉ា ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយ និងកោតសរសើរចំពោះសមិទ្ធផលរបស់គម្រោង ដោយគូសបញ្ជាក់ថាវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនៅកម្ពុជា ជាពិសេសការអភិវឌ្ឍយុវជន ដែលនេះហើយជាបុព្វហេតុចម្បងនាំឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) គាំទ្រដល់បេសកកម្មរបស់អង្គការស៊ីប៉ា ក្នុងអំឡុង ១០ឆ្នាំមកនេះ ជាមួយការប្តេជ្ញាចិត្តបន្តអប់រំ និងអភិវឌ្ឍយុវជនតាមរយៈការលើកកម្ពស់អំណានសម្រាប់យុវជនកម្ពុជា។

នាឱកាសនេះដែរ តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណដល់រដ្ឋាភិបាលបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការស៊ីប៉ា ដៃគូអភិវឌ្ឍ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងកំណែទម្រង់វិស័យអប់រំ ជាពិសេសការអភិវឌ្ឍយុវជន សំដៅធានាការផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការផ្តល់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលក្នុងគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី១ រយៈពេល ៣ឆ្នាំ ដោយបានចូលរួមអភិវឌ្ឍយុវជនដែលរស់នៅតំបន់ជនបទ ឱ្យត្រៀមខ្លួនបានល្អទាំងផ្នែកបុគ្គលិកលក្ខណៈវិជ្ជាជីវៈ និងសង្គមសម្រាប់អនាគតកាន់តែប្រសើរ តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សនៅតាមវិទ្យាល័យគោលដៅចំនួន ១៦ ព្រម ទាំងលើកស្ទួយសកម្មភាពអប់រំក្នុងសហគមន៍នៅក្នុងខេត្តគោលដៅចំនួន ១៤។

ក្រសួងទទួលស្គាល់ថា គម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២នេះ នឹងជាសមាសធាតុមួយយ៉ាងសំខាន់ក្នុងការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍ដែលគម្រោងនេះមានរយៈពេល ៣២ខែ (ចាប់អនុវត្តពីខែតុលា ឆ្នាំ២០២៤ ដល់ ខែឧសភា ឆ្នាំ២០២៧) ក្នុងគម្រោងថវិកាជាង ៩៨ម៉ឺនដុល្លារ ដែលក្នុងនោះ ៨០% ទទួលបានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និង២០% ជាបន្ទុករបស់អង្គការស៊ីប៉ា។ ការផ្សព្វផ្សាយជាផ្លូវការនៃការអនុវត្តគម្រោងដំណាក់កាលទី២នេះ បានបង្ហាញពីការយកចិត្តទុកដាក់ប្ដេជ្ញាចិត្តរួមគ្នារវាងដៃគូអភិវឌ្ឍជាមួយនឹងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ក្នុងការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ ឆ្លើយតបនឹងគោលដៅចម្បងរបស់គម្រោងគឺ គាំទ្រដល់ការអនុវត្តគោល នយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា តាមរយៈការផ្តល់ការតម្រង់ទិសវិជ្ជាជីវៈ និងការបង្កើនការចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តតាមរយៈសហគមន៍ និងសកម្មភាពអភិវឌ្ឍយុវជនប្រមាណ ៤ម៉ឺន (៥០%ជាយុវតី) អាយុចន្លោះពី១២ឆ្នាំ ដល់ ២៥ឆ្នាំ នៅតាមទីជនបទក្នុងខេត្តចំនួន ២៤ ដែលមានវិទ្យាល័យចំនួន២៦ មជ្ឈមណ្ឌលយុវជនចំនួន៣ និងអង្គការ សហគមន៍មូលដ្ឋានចំនួន ២៣។ អង្គការស៊ីប៉ា បានដើរតួយ៉ាងសំខាន់ក្នុងការចូល រួមជួយអភិវឌ្ឍធនធានសិក្សា បំពេញតម្រូវការសៀវភៅសិក្សា និងឯកសាររៀនសូត្រ ជាពិសេសកុមារនៅតាមតំបន់ជនបទ ផ្តល់ឱ្យកុមារ និងយុវជនទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព លុបបំបាត់អនក្ខរភាព និងបណ្ដុះទម្លាប់អានសៀវភៅ។

ជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះ «ការអនុវត្តគម្រោងអភិវឌ្ឍន៍ យុវជនដំណាក់កាលទី១ និងប្រកាសបន្តគម្រោងដំណាក់កាលទី២» និង ការដាក់សម្ពោធឯកសារសិក្សាសិល្បៈ និងវប្បធម៌ «ទេពហត្ថា» ដែលជាឯកសារមរតកសិល្បៈប្រវត្តិសាស្ត្រដ៏មានតម្លៃនៃកម្ពុជាយើង ក៏ដូចជាប្រកាសគាំទ្រចំពោះការសម្រេចចិត្តក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីអប់រំ និងតម្រង់ទិសវិជ្ជាជីវៈ រហូតទៅដល់ ២៤ខេត្តគោលដៅ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី២ ផងដែរ ដោយគូសបញ្ជាក់ថាសាលារៀន សិស្សានុសិស្ស និងសហគមន៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចេញពីកម្មវិធីនេះ និងសូមស្នើឱ្យអង្គការស៊ីប៉ា ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង សហការអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានលទ្ធផលល្អស្របតាមការរំពឹងទុក សំដៅរួមចំណែកលើកកម្ពស់ការសិក្សាសិស្ស ការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែសកម្ម៕

ដោយ៖ សូរិយា


ចែករំលែក៖