ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចជំនាញ បណ្ដេញជនជាតិថៃប្រុស ស្រីចំនួន ០៤នាក់ចេញពីប្រទេសកម្ពុជានៅវេលាម៉ោង ១១:០០នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកជន សារី នាយរងប៉ុស្ដិ៍បញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ ស្រី ០១នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ANUSARA THAINGTHAM ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១និង៣០នាទីនាថ្ងៃដដែល ៕
ដោយ៖ វណ្ណា