ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោលចំពោះគំនិតផ្តួចផ្ដើមក្នុងការហាមមិនឱ្យនាំចូលរថយន្ដចាស់ចូលកម្ពុជា ប៉ុន្ដែសម្តេចក៏បានណែនាំឱ្យពង្រឹងការពិនិត្យប្រព័ន្ធរថយន្ដ “ឆៀក” នៅកម្ពុជា ឱ្យបានល្អជាជំនួសវិញ។
សម្ដេចធិបតី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃ១៧ មិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី បានថ្លែងថា ៖ មកដល់បច្ចុប្បន្ន នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្ត ចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ ព្រោះថា «មួយឆ្នាំៗ ត្រូវយករថយន្ដមកឆៀកម្ដងៗ»។
សម្ដេចធិបតី បានបន្តថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថា ឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឱ្យនាំរថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្ដដែលមានអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឱ្យល្អ កុំឱ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ ព្រោះថាពលរដ្ឋមួយចំនួននៅមិនទាន់មានលទ្ធភាពទិញរថយន្តថ្មីៗនៅឡើយទេ»។
សម្ដេចធិបតី បានឲ្យដឹទៀតថា ប្រទេសខ្លះ គេហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយ វិស័យកម្រិត ឧស្សាហកម្មរថយន្ដនៅក្នុងប្រទេស ។ ដោយឡែក ក្រុមហ៊ុនដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិ ប្រកួតប្រជែងជាមួយអ្នកនាំចូលរថយន្ដមួយទឹកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «ថ្ងៃមុនក៏មានការគិតគូរអំពីនាំចូលរថយន្តកំណត់ឆ្នាំ ខ្ញុំថាកុំអី ត្រូវពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសយើងឱ្យមាំវិញ មានការប្រជុំគិតគូរពីបរិស្ថាន អ៊ឹចឹងក៏មានការស្នើសុំថាគួរតែហាមមិនឱ្យនាំចូលរថយន្តដែលលើសអាយុ ១០ឆ្នាំ ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលយករយន្តអាយុ ៥ឆ្នាំ ដើម្បីថារថយន្តល្អ និងកុំឱ្យខូចបរិស្ថាន ខ្ញុំថាដកចោលទៅ»។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។
ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំបូងឡើយក្រុមការងារអន្តរក្រសួង គ្រោងស្នើឱ្យកំណត់ឆ្នាំ ដោយហាមមិនឱ្យនាំចូល រថយន្តចាស់ចូលមកកម្ពុជាមិនឱ្យលើសអាយុ១០ឆ្នាំ ដើម្បីធានាដល់បរិស្ថាន ក៏ដូចជាបញ្ចៀសការនាំរថយន្តចាស់ៗចូល មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសំណើរនេះ ត្រូវបានសម្ដេចបដិសេធ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំយល់ពីការថែទាំបរិស្ថាន យើងមិនចង់ឱ្យយករថយន្តដែលចាស់យកមកពិបាក ខុសបច្ចេកទេស អាចគ្រោះថ្នាក់ កាត់អីផ្សេងៗ។ អ៊ីចឹងខ្ញុំថា មិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ ហើយយើងធ្វើបែបហ្នឹងទៅ»៕
ដោយ ៖ សិលា