ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជនជាតិថៃ២នាក់ ត្រូវអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤  ដើម្បីអនុវត្តតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ឃាត់ខ្លួនបានជនសង្ស័យជនជាតិថៃចំនួន០២នាក់ ១-ឈ្មោះ គៀតទីផុន ប៉ាក់ប៉ា ហៅ គៀម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ វ៉ាយូ ចាលើនសាយ ហៅ បុត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់)។  ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់និងក្រាមសថ្លា (កេតាមីន) ចំនួន១០កូនថង់កិប ទម្ងន់ ២៧,៣៧ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក (Kaidtiphong Phakpha), កាតការងារចំនួន ០១សន្លឹក, នាឡិកាដៃលោហៈធាតុពណ៌ស ខ្សែពណ៌ខ្មៅ ចំនួន០១គ្រឿង, ខ្សែកអង្គាំបន្តោងរូបព្រះ ចំនួន ០១ខ្សែ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ មុនឈានដល់ការបង្រា្កបករណីនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខរាយការណ៍មកថាមានករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចគោលដៅកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិថៃទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកជួញដូរ រក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន ៕

ដោយ ៖ វណ្ណា


ចែករំលែក៖