ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះនេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងនៅពេលសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងឱកាសនេះ សម្ដេចធិបតី បានឱ្យដឹងថា ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ។
សម្ដេចបន្ដថា ស្ពាននេះ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ៦ចំណុចទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រកបដោយសោភ័ណភាព ។
សម្តេចធិបតីបានមានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឲ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើងនៃនគររូបនីយកម្ម សម្តេចបានផ្តល់នូវទស្សនៈនិងអនុសាសន៍៦ចំណុច៖
ទី១. ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង, ក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១).បង្កើនល្បឿនការ អភិវឌ្ឍទីក្រុងដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥, និង ២). ផ្តើមគិតពីកិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
ទី២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមាន លក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ក្នុងរាជធានីភ្នំពេញ, ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តិ នៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាត។
ទី៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ,
ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម។
ទី៤. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ដ្ររាជធានី ភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្តាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹកព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ចំពោះករណី ជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាចកើតមានជាយថាហេតុ។
ទី៥. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើងទាំង តាមសាលារៀន និង ក្នុងសហគមន៍ ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំ ជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវ លើកលែងឡើយ។
ទី៦. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍សំដៅ , ម្យ៉ាងកាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និង ម៉្យាងទៀតកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការ បង្កើន សម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និងចេញ ពីបម្រើការងារ (Rush Hours) រដ្ឋបាលរាជធានី ភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាជន៕
ដោយ ៖ សិលា