សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រុមប្រទេសមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅឯកិច្ចប្រជុំកំពូលមួយស្តីពីសន្តិភាពអ៊ុយក្រែន ដែលប្រារព្ធឡើងនៅប្រទេសស្វីស បានថ្កោសទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក៏ប៉ុន្តែពួកគេមិនអាចបញ្ចុះបញ្ចូល ប្រទេសធំៗដែលមិនចូលបក្សសម្ព័ន្ធ ឱ្យចូលរួមផ្តល់ហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមចុងក្រោយ នៃកិច្ចប្រជុំនោះទេ។
ប្រទេសប្រមាណជា៩០ បានមកចូលរួមក្នុងកិច្ចពិភាក្សារយៈពេល២ថ្ងៃខាងលើ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ស្របពេលដែលកិច្ចប្រជុំនោះ ត្រូវបានហៅថា «កិច្ចប្រជុំកំពូលសន្តិភាព» ប្រទេសរុស្ស៉ី ដែលជាភាគីជម្លោះផ្ទាល់ក្នុងសង្រ្គាម មិនត្រូវបានគេអញ្ជើញឱ្យចូលរួមឡើយ។ រុស្ស៉ីបានរិះគន់កិច្ចប្រជុំសន្តិភាពនេះពីចម្ងាយថា ជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ដែលនឹងមិនទទួលបានលទ្ធផលជាសាច់ការអ្វីនោះទេ។
ការសម្រេចចិត្តរបស់ចិន ដែលជាកំពូលមហាអំណាចមួយរបស់ពិភពលោក ក្នុងការមិនចូលរួម ត្រូវបានគេមើលឃើញរួចទៅហើយថា គឺជាសញ្ញាមួយដែលឱ្យតំរុយថា កិច្ចប្រជុំកំពូលនោះ មុខជានឹងបរាជ័យមិនខាន ក្នុងការសម្រេចគោលបំណងរបស់អ៊ុយក្រែន ដែលចង់បញ្ចុះបញ្ចូលប្រទេសធំៗមកពី «ក្រុមលោកខាងត្បូង» ឱ្យចូលរួម ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យរុស្ស៉ីនៅឯកោ។
ប្រេស៉ីលដែលជាប្រទេសធំមួយ ប្រចាំតំបន់អាមេរិកឡាទីន បានចូលរួមក្នុងនាមត្រឹមជា «អ្នកសង្កេតការណ៍» ប៉ុណ្ណោះ ហើយនៅទីបំផុត ប្រទេសដូចជា ឥណ្ឌា ឥណ្ឌូណេស៉ី ម៉ិចស៉ិក អារ៉ាប៊ីសាអូ៊ឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម សុទ្ធតែបានសម្រេចចិត្តមិនចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមឡើយ ទោះបីពួកគេបានទៅចូលរួមកិច្ចប្រជុំក៏ដោយ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស អំពាវនាវឱ្យមានរុស្ស៉ីប្រគល់ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មកឱ្យអ៊ុយក្រែន គ្រប់គ្រងវិញ, ធានាការផលិតនិងផ្គត់ផ្គង់ដោយគ្មានការរំខាន នៃផលិតផលកសិកម្មនៅអ៊ុយក្រែន, ធានាការចេញ-ចូលពេញលេញ នៅតាមកំពង់ផែជាប់សមុទ្រខ្មៅ និងសមុទ្រ Azov, ដោះលែងអ្នកទោសសង្រ្គាមទាំងអស់ ហើយបញ្ជូនកុមារអ៊ុយក្រែនទាំងអស់ ត្រឡប់មកប្រទេសពួកគេវិញ ក្នុងចំណោមចំណុចផ្សេងៗទៀត៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)