ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានខូចនៅពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន

ចែករំលែក៖

យន្តហោះរបស់កងកម្លាំងការពារប្រទេសនូវែលហ្សេឡង់ដែលដឹកនាយករដ្ឋមន្ត្រី Christopher Luxon ទៅកាន់ប្រទេសជប៉ុនបានខូច បង្ខំឱ្យនាយករដ្ឋមន្ត្រីប្រើប្រាស់យន្តហោះពាណិជ្ជកម្មជំនួសវិញ ។
សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ការិយាល័យរបស់នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលហ្សេឡេង់ នាថ្ងៃចន្ទនេះ បានទទួលស្គាល់ថា យន្តហោះយោធាមួយគ្រឿង ដែលដឹកនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោក Christopher Luxon ឆ្ពោះទៅកាន់ប្រទេសជប៉ុនបានជួបបញ្ហាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ជាហេតុបង្ខំឱ្យរូបលោកត្រូវជិះជើងហោះហើរពាណិជ្ជកម្ម។
លោក Luxon កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន ជាទីដែលលោកត្រូវជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងផ្សព្វផ្សាយលើកកម្ពស់វិស័យធុរកិច្ចរបស់នូវែលហ្សេឡង់។ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយនូវែលហ្សេឡង់ បានរាយការណ៍ថា យន្តហោះ Boeing 757 បានខូចអំឡុងពេលឈប់ចាក់សាំងនៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ដែលប្រការនេះ ធ្វើឱ្យគណៈប្រតិភូធុរកិច្ចនិងក្រុមអ្នកកាសែត ត្រូវនៅជាប់គាំងនៅទីក្រុង Port Moresby ខណៈលោក Luxon បានបន្តដំណើរឆ្ពោះទៅជប៉ុន តាមរយៈជើងហោះហើរពាណិជ្ជកម្ម។ វាមិនមែនជាលើកទី១ឡើយ ដែលយន្តហោះដឹកនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ បានខូចអំឡុងពេលដំណើរទស្សនកិច្ចចេញក្រៅប្រទេសបែបនេះ។
យន្តហោះ Boeing 757 ២គ្រឿងរបស់កងកម្លាំងការពារជាតិនូវែលហ្សេឡង់ គឺមានអាយុកាលជាង៣០ឆ្នាំមកហើយ ខណៈអាយុចំណាស់របស់ពួកវា បានធ្វើឱ្យយន្តហោះទាំងនេះជួបបញ្ហាកាន់តែញឹកញាប់ឡើងៗ។ រដ្ឋមន្រ្តីការពារជាតិនូវែលហ្សេឡង់ លោកស្រី Judith Collins បាននិយាយនៅថ្ងៃចន្ទនេះថា បញ្ហាយន្តហោះដែលកើតមានជាដដែលៗនេះ គឺជារឿងអាម៉ាស់មួយ ហើយខាងក្រសួងការពារជាតិនូវែលហ្សេឡង់ កំពុងព្យាយាមពិនិត្យមើលជម្រើស ឱ្យលោក Luxon និងប្រតិភូអមដំណើររបស់លោកធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម ចាប់ពីពេលនេះតទៅ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters


ចែករំលែក៖