ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់លោក Shaharuddin Bin Onn និងសហការី និងបានអបអរសាទរដល់ឯកឧត្តម Shaharuddin Bin Onn ដែលទទួលបាន ការតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថាលោកអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
សម្ដេចតេជោក៏សូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកDatuk Mutang Tagal ដែលជាប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដែលបានទទួល មរណភាពកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ ។ សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯAnwar Ibrahimនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ និងបានអញ្ជើញសម្តេចទៅទស្សនកិច្ចនៅម៉ាឡេស៊ីវិញនាពេលនោះ។ បើទោះបីជាសម្តេចពុំបានឆ្លើយតបទៅនឹងការអញ្ជើញរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយសារកត្តាពេលវេលា ប៉ុន្តែនៅខែ កុម្ភៈ ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ដែលជាការបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា- ម៉ាឡេស៊ីមិនដាច់រយៈដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។
លោកអគ្គរាជទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់ឯកឧត្តម និងសហការី។ លោកក៏បានអបអរសាទរចំពោះ សម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ លោកបានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និង ជាអ្នកប្រែក្លាយប្រទេសកម្ពុជាពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកបានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ចេញផុតភ្លាម អគ្គរាជទូតថ្មីក៏បានមកដល់ និងចាប់ផ្តើម ធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នក នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ សម្តេច មានប្រសាសន៍បន្ថែមថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និង រដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។
សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជា ពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថាការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ីនៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។
កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចនិងលោកAnwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាពីការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រដែលឆ្លងកាត់បាត សមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសឹង្ហបុរី។ ដូច្នេះ កម្ពុជា និងម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពល ដល់ម៉ាឡេស៊ីផង និងអាស៊ានផង។ ម៉ាឡេស៊ីទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏ទិញប្រេងដូងពីម៉ាឡេស៊ីវិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ យើងពុំទាន់ជោគជ័យនៅឡើយទេ ហើយថ្មីៗនេះក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីទៅម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពឱ្យក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរជំរុញការផលិតម្ហូបអាហារហាឡាល់នេះ ដោយសហការជាមួយវិស័យឯកជន។ សម្តេច បានបន្ថែមថា កម្ពុជាមានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះទៅក្រៅប្រទេស ដូចនេះហើយ សម្តេចពិតជាចង់ឃើញ
គម្រោងនេះសម្រេចជោគជ័យជាក់ស្តែងនាពេលខាងមុខដ៏ខ្លី។
សម្ដេចតេជោបានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។
សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង។
សម្ដេចតេជោ និងឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោល ជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស។
នៅក្នុងឱកាសនោះផងដែរ ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។ សម្ដេចតេជោបានឆ្លើយតបថា សម្តេចទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយ នឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ។
ជាទីបញ្ជប់ សម្តេចតេជោ បានជូនពរលោកអគ្គរាជទូត និងមន្រ្តីស្ថានទូតម៉ាឡេស៊ីទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច នៃបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សូរិយា