ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៦ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ (ប្រើកាំបិតប៉័ងតោ កាប់ជនរងគ្រោះ) ។ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានឈ្មោះ ក្រុមក្ដាន់ពីរ មានគ្នាចំនួន ១៤ នាក់ ប្រដាប់ដោយកាំបិតប៉័ងតោចំនួន០២ដើម បានធ្វើសកម្មភាពកាប់លើក្រុមក្មេងទំនើង មួយក្រុមទៀតឈ្មោះ “T៤” មានគ្នាចំនួន០២នាក់ បណ្តាលឱ្យរងរបួស នៅចំណុចមុខវត្តលង្ការ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល ០៣ និង ១៥ នាទី រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ១០ នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ ១.ឈ្មោះ មឿង គឹមហេង ភេទប្រុស អាយុ៣១ឆ្នាំ ២.ឈ្មោះ ពេជ្រ មន្នី ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ គ្រី វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ កត បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ៥.ឈ្មោះ យា លីហួរ ភេទប្រុស អាយុ២០ឆ្នាំ និងបន្តឃាត់ខ្លួនបានជនសង្ស័យ ៦.ឈ្មោះ ប៉ែន វិច្ឆិកា ហៅ យក្ស ភេទប្រុស អាយុ១៨ឆ្នាំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៦ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ (ប្រើកាំបិតប៉័ងតោ កាប់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខវត្តលង្ការ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា