ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ NATO ល្មមឈប់ទម្លាក់កំហុសលើអ្នកដទៃ ជុំវិញវិបត្តិសង្រ្គាមអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ចិនបានទទូចឱ្យអង្គការណាតូ (NATO) បញ្ឈប់ការទម្លាក់កំហុសដាក់លើអ្នកដទៃ ជុំវិញវិបត្តិសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីប្រមុខបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ធ្វើឱ្យជម្លោះកាន់តែយ៉ាប់យ៉ឺនខ្លាំង តាមរយៈការផ្តល់ការគាំទ្រដល់រុស្ស៉ី។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានអំពាវនាវថា ចិនត្រូវតែប្រឈមផលវិបាក សម្រាប់ការជួយគាំទ្ររុស្ស៉ី ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ជំនួយសព្វាវុធដល់អ៊ុយក្រែន គឺជារឿងដ៏សំខាន់ដើម្បីបញ្ចប់សង្រ្គាម។ នៅថ្ងៃអង្គារនេះ ទីក្រុងប៉េកាំងបានឆ្លើយតបថា NATO គួរតែឆ្លុះកញ្ចក់មើលខ្លួនឯង ជាជាងប្រើពាក្យសម្តីបង្កាច់បង្ខូច និងវាយប្រហារមកលើ ប្រទេសចិន។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយដូច្នេះថា «យើងសូមណែនាំឱ្យ NATO ឈប់ទម្លាក់កំហុសដាក់អ្នកដទៃ ឈប់ចាក់សាំងបន្ថែមលើភ្លើង និងឈប់ដុតបញ្ឆេះឱ្យមានការប្រឈមមុខគ្នា ដោយផ្ទុយទៅវិញគួរតែធ្វើរឿងអ្វី ដែលអាចបម្រើជាប្រយោជន៍ជាក់ស្តែង ចំពោះដំណោះស្រាយតាមច្រកនយោបាយ សម្រាប់វិបត្តិអ៊ុយក្រែន»។
ចិនអះអាងថា ខ្លួនប្រកាន់ជំហរអព្យាក្រឹត ក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងប៉េកាំង មិនបានបញ្ជូនសព្វាវុធឱ្យទៅភាគីណាមួយឡើយនៃជម្លោះនេះ ពោលគឺផ្ទុយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចដទៃទៀត ដែលបានបន្តជួយផ្តល់អាវុធឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន៕ ដោយ៖ ធីរីណា

រូបថត៖ Reuters


ចែករំលែក៖