ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្មេងទំនើង២នាក់ កាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជន សង្ស័យឈ្មោះ រីម រ័ត្ន ភេទប្រុស កើតឆ្នាំ២០០៥ និងឈ្មោះ សើរ រាជ ភេទប្រុស កើតឆ្នាំ២០០២ ពីបទ កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ជនសង្ស័យមានគ្នាចំនួនពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-1105 ចូល គោលដៅផ្លូវបិទចរាចរណ៍ពិធីរត់ម៉ារ៉ាតុង នៅត្រង់ចំណុចភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង០០ នាទីព្រឹក។ កម្លាំងការពារគោលដៅបានធ្វើការ ឆែកឆេរ និងត្រួតពិនិត្យ រកឃើញការ៉ុងពណ៌ស លាក់ទុកដាវកែច្នៃចំនួន០១ដើម និងកាំបិតចំនួន០២ដើម ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មានឈ្មោះ រីម រ័ត្ន ភេទប្រុស កើតឆ្នាំ២០០៥ និង ឈ្មោះ សើរ រាជ ភេទប្រុស កើតឆ្នាំ២០០២ ដកហូតបាន ១. ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-1105 ចំនួន០១គ្រឿង, ២.ទូស័ព្ទម៉ាក IPhone ពណ៌ខ្មៅ ចំនួន០១គ្រឿង, ៣.ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, ៤.កាបូបស្ពាយចំហៀង ចំនួន០១, ៥.ប័ណ្ណ ចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន០១សន្លឹក, ៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក, ៧.កាបូបលុយចំនួន០១, ៨.ដាវកែច្នៃចំនួន០១ដើម និង៩.កាំបិតចំនួន០២ដើម។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖