យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្ស 11 នាក់បានស្លាប់និង60នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកពីរដែលដឹកជនចំណាកស្រុកបានលិចនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអុីតាលី។
អង្គការសប្បុរសធម៌ RESQSHIP (អាល្លឺម៉ង់) ដែលជាប្រតិបត្តិករនៃនាវាជួយសង្គ្រោះ Nadir បានជួយសង្គ្រោះមនុស្សចំនួន 51 នាក់ ពីទូកឈើដែលលិចក្នុងនោះ មានមនុស្សសន្លប់ 2 នាក់ និងបានរកឃើញសាកសពចំនួន 10 នាក់។ អ្នកនៅរស់រានមានជីវិតត្រូវបានប្រគល់ទៅឱ្យឆ្មាំឆ្នេរសមុទ្រអុីតាលីហើយនាំយកមកច្រាំង។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា កប៉ាល់នេះបានដឹកមនុស្សចំនួន 61 នាក់ដែលចាកចេញពីប្រទេសលីប៊ី រួមទាំងជនចំណាកស្រុកមកពីប្រទេសស៊ីរី អេហ្ស៊ីប ប៉ាគីស្ថាន និងបង់ក្លាដែស។
ការលិចលើកទីពីរបានកើតឡើងប្រហែល 200 គីឡូម៉ែត្រភាគខាងកើតនៃតំបន់ Calabria នៃប្រទេសអុីតាលីនៅពេលដែលកប៉ាល់ដែលចាកចេញពី Türkiye បានឆេះនិងក្រឡាប់ដោយសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្សប្រហែល 60 នាក់បាត់ខ្លួន។ មនុស្ស 11 នាក់ត្រូវបានជួយសង្គ្រោះដោយឆ្មាំឆ្នេរសមុទ្រអុីតាលីហើយបាននាំយកមកច្រាំង។
កាលពីឆ្នាំមុន ចំនួនមនុស្សស្លាប់ ឬបាត់ខ្លួនដែលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ដើម្បីធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ទ្វីបអឺរ៉ុបបានកើនឡើង 2/3 ហើយមិនមានសញ្ញានៃការថមថយទេ បើទោះបីជាប្រឈមនឹងហានិភ័យនេះច្រើនផ្លូវឆ្លងកាត់សមុទ្រក៏ដោយ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )