ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ខណៈនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដីប្រមាណពី១០%-៣០%។
ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសទក្សិណ មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តសៀមរាប ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្តាល និង រាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដី ប្រមាណពី៥%-១០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសបស្ចិម និងទិសទក្សិណមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី ខេត្តមណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី ៥%-២០%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតីមានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង និងក្រុងព្រះសីហនុ អាច មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណពី១០%-៣០%។ ខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណពី ៥%-១០% ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ដោយ៖ តារា