ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

ចែករំលែក៖

សិង្ហបុរី​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ។ 

រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។ 

បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ ។

គូសរំលេចផងដែរថា វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី មានវិនិយោគចូលរួមសរុបចំនួន ៤៨១នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ ក្រុមហ៊ុន៕

ដោយ​៖ តារា​

 


ចែករំលែក៖