ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនឯកជនត្រូវបានប្អូនបង្កើតចាក់សម្លាប់កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចមុខបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ១ ក្រុម១៣ សង្កាត់ទី១ ក្រុងនិងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្ម (ចាក់នឹងកាំបិតចុងស្រួច) បានកើតឡើងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រ ស្ថិតនៅមុខបន្ទប់ជួលខាងកើតសាលាចម្ការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យ០១នាក់ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ ៤១ឆ្នាំ (ប្អូនសាកសព) ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុងស្រួច ដងជ័រពណ៌លឿង ចាក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ (បងបង្កើត) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិត,ដើមដៃស្តាំ០១ កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។
_វត្ថុតាងចាប់យកបាន កូនកាំបិតចុងស្រួច ដងជ័រពណ៌លឿង០១ ( ធ្វើជាអាវុធក្នុងសកម្មភាព) ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះប៉ុន ភារម្យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួច ដើរចេញពីបន្ទប់របស់ខ្លួនមកចាក់បងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ប្រាកដមែន ដោយមូលហេតុ “គាត់បានយកកាំបិតផ្គាក់មករកកាប់ខ្ញុំមុន” ក្នុងពេលផឹកសុីស្រវឹងទាស់ពាក្យសម្តីគ្នាដែលមានគ្នា០៣នាក់ជាមួយប្រពន្ធគាត់នៅមុខបន្ទប់ជួល ។
បច្ចុប្បន្នជន សង្ស័យខាងលើកម្លាំងជំនាញបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា