ក្រុមមេឃខៀវ Manchester City ចាប់ផ្តើមការពារតំណែងជើងឯកជាលើកទី៥ជាប់ៗគ្នាជាមួយនឹងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីប្រឈមមុខនឹងក្រុម Chelsea នៅថ្ងៃទី១៨ ខែសីហា ក្នុងក្របខ័ណ្ឌ Premier League រដូវកាលថ្មី២០២៤-២០២៥។ នេះបើយោងតាមការចាប់ឆ្នោតរបស់ Premier League កាលពីរសៀលថ្ងៃទី១៨ មិថុនា។
អ្នកចាត់ការដែលទើបតែងតាំងថ្មីរបស់ Chelsea គឺលោក Enzo Maresca នឹងប្រឈមមុខនឹងក្រុមដែលធ្លាប់ស្គាល់ ខណៈដែលលោកធ្លាប់បានជួយលោក Pep Guardiola ក្នុងអំឡុងពេលរដូវកាលឈ្នះពាន៣របស់ពួកគេ ហើយថែមទាំងបានបង្វឹកក្រុមយុវជនរបស់ Man City ផងដែរ។
ក្រុមដែលឈ្នះពានរង្វាន់ FA Cup បិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham ក្នុងការប្រកួតដំបូងនៃរដូវកាលនៅថ្ងៃទី១៦ ខែសីហា ខណៈដែលក្រុមជើងឯករងរដូវកាលមុន Arsenal ទទួលក្រុម Wolverhampton Wanderers ក្នុងការប្រកួតដំបូងរបស់ពួកគេនៅថ្ងៃទី១៧ ខែសីហា។
ក្នុងចំណោមការប្រកួតបើកឆាកផ្សេងទៀត ក្រុមជើងឯក Championship ចចកកំណាច Leicester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ខណៈដែល Newcastle United ប្រកួតជាមួយក្រុម Southampton។
ក្រុមដែលទើបនឹងឡើង Ipswich Town ដែលត្រឡប់ទៅ Premier League វិញបន្ទាប់ពីខកខាន២២ឆ្នាំ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងការចាប់ផ្តើមដំបូងនៅថ្ងៃទី១៧ ខែសីហា។
គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League រដូវកាលថ្មី២០២៤-២០២៥ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហា បន្ទាប់ពីការសម្រាកពាក់កណ្តាលរដូវកាលត្រូវបានដកចេញពីប្រតិទិន ដើម្បីអនុញ្ញាតឱ្យមានការសម្រាកបិទរដូវកាលយូរជាងនេះ។ ខាងក្រោមនេះគឺជាកាលបរិច្ឆេទនៃការប្រកួតបើកឆាក Premier League រដូវកាលថ្មី៖
ថ្ងៃសុក្រ ទី១៦ ខែសីហា ៖ Manchester United ប៉ះ Fulham។
ថ្ងៃសៅរ៍ ទី១៧ ខែសីហា ៖ Ipswich Town ប៉ះ Liverpool, Arsenal ប៉ះ Wolverhampton, Everton ប៉ះ Brighton, Newcastle United ប៉ះ Southampton, Nottingham Forest ប៉ះ Bournemouth, West Ham United ប៉ះ Aston Villa។
ថ្ងៃអាទិត្យ ទី១៨ ខែសីហា ៖ Brentford ប៉ះ Crystal Palace, Chelsea ប៉ះ Manchester City។
ថ្ងៃចន្ទ ទី១៩ ខែសីហា ៖ Leicester City ប៉ះ Tottenham ៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA/BBC)