ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកគូលែនបានធ្វើការបង្ក្រាបជាបន្តបន្ទាប់បាននូវក្រុមជនសង្ស័យជាមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់ដ៏សកម្មប្រចាំភូមិសាស្ត្រស្រុកគូលែន ចំនួន៣នាក់។
ប្រតិបត្តិការចុះបង្ក្រាបបំបែកសំណុំរឿងមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុញៀនដ៏សកម្មនោះសមត្ថកិច្ចបានឲ្យដឹងថា ១ករណី នៅចំណុចភូមិគូលែន ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ឈានទៅធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបន្តនៅវេលាម៉ោងប្រមាណ១៧និង៣៥នាទីនាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ ក្រោមការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីក ង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ត្រី នួន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកគូលែនដោយផ្ទាល់ផងនោះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨មិថុនានេះថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានបំបែកមុខសញ្ញាបក្ខពួកក្រុមជនសង្ស័យរក្សាទុកនិងជួញដូរសារធាតុញៀនដ៏សកម្មប្រចាំភូមិសាស្ត្រនៃស្រុកគូលែន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងនោះរួមមាន ៖ទី១.ឈ្មោះ ឈុន នី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឈូក ឃុំត្បែង២ ស្រុកគូលែន។
ទី២.ឈ្មោះ ឃៀម កក្កដា ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នា។
និងទី៣.ឈ្មោះ មឿន ចាន់រ៉ា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនជើង ស្រុកគូលែន។
លោកបានបញ្ជាក់បន្ថែមថា ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាទាំង៣នាក់ជាលទ្ធផលកម្លាំងសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានមួយចំនួនក្នុងនោះមានម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន៥កញ្ចប់ម៉ូតូចំនួន៣គ្រឿង។
បច្ចប្បន្នក្រុមជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ខាងលើត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីវ័ន្ត