សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការសម្រេចចិត្តមួយជុំវិញបញ្ហាជម្លោះជាមួយក្រុមហេសប៊ូឡាហ៍ នឹងមកដល់ឆាប់ៗនេះ បើទោះបីជាសហរដ្ឋអាមេរិកព្យាយាមទប់ស្កាត់ការកើនឡើងនូវភាពតានតឹងណាមួយក្តី។
បេសកជនអាមេរិក លោក Amos Hochstein ត្រូវបានបញ្ជូនទៅកាន់ប្រទេសលីបង់ដើម្បីព្យាយាមបន្ធូរបន្ថយកម្តៅដែលកំពុងកើនឡើងនៅតាមព្រំដែនភាគខាងត្បូងលីបង់ ដោយសារតែការវាយប្រហាររបស់ក្រុមហេសប៊ូឡាហ៍ទៅលើទីក្រុងធំទី៣របស់អ៉ីស្រាអែល គឺ Haifa។ តាមរយៈបណ្តាញសង្គម X លោក Katz បានបង្ហោះសារមួយថា បន្ទាប់ពីមានការគំរាមកំហែងមួយដឹកនាំដោយមេក្រុម លោក Sayyed Hassan Nasrallah ដើម្បីបំផ្លាញកំពង់ផែ Haifa ដែលដំណើរការដោយក្រុមហ៊ុនចិននិងឥណ្ឌានោះ «យើងខិតកាន់តែជិតដល់ពេលនៃការសម្រេចចិត្ត ដើម្បីផ្លាស់ប្តូរវិធីសាស្រ្តឆ្លើយតបចំពោះក្រុមហេសប៊ូឡាហ៍ ក៏ដូចជាលីបង់»។ លោក Katz បានបន្ថែមថា «គ្រប់វិធីសាស្រ្តទាំងអស់ ហេសប៊ូឡាហ៍នឹងត្រូវបំផ្លាញ ហើយលីបង់ក៏ត្រូវរងគ្រោះធ្ងន់ដែរ»។
ក្រុមហេសប៊ូឡាហ៍គាំទ្រដោយអ៉ីរ៉ង់ បាននិងកំពុងបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល ដែលកាន់តែកើនឡើងអំឡុងសង្រ្គាមជាង៨ខែនៅតំបន់ហ្កាហ្សា។ កាលពីសប្តាហ៍មុន ក្រុមនេះបានបាញ់រ៉ុក្កែតច្រើនគ្រាប់ និងយន្តហោះដ្រូនលើទីតាំងរបស់យោធាអ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការម្នាក់នៃក្រុមរបស់ខ្លួន៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)