ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផលជិតរួចរាល់ជាស្ថាពរហើយ!

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោក បុង ប៊ុនហួន រដ្ឋលេខាធិការ និងជានាយកគម្រោង ប្រឹងប្រែងធ្វើឱ្យប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជាស្ថាពរ នាពេលឆាប់ៗខាងមុខ និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។

ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងចាប់ផ្តើមសាងសង់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងនឹង បញ្ចប់ការសាងសង់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ ពោលគឺមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ចំនួន២៤ខែ។

គួររម្លឹកផងដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ ក្រុមការងារកំពុងប្រឹងប្រែងដើម្បីបង្ហើយកិច្ចដែលនៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖