ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង

ចែករំលែក៖

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរង ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ៣០០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងអបអរសាទចំពោះខេត្តស្វាយរៀងដែលបានជាប់ជាសាលាគំរូ ចំនួន ៥សាលា។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជាទទួលបានសុខសន្ដិភាព និងផ្លាស់ប្ដូរមុខមាត់ក្នុងគ្រប់វិស័យ នាអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដយន្ដការដឹកនាំបន្ដពី សម្ដេចតេជោ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ ដើម្បីអនុវត្តក្នុងវិស័យអប់រំ ដោយផ្ដោតសំខាន់ទៅលើ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និង(៤). ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ។

ជាការឆ្លើយតប ក្រសួងអប់រំបានដាក់ចេញនូវការបង្កើតសាលារៀនគំរូ ដែលជាយុទ្ធសាស្ត្រដើម្បីបន្តកំណែ ទម្រង់វិស័យអប់រំ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមធ្វើកំណែ ទម្រង់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ការរៀបចំនឹងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងកំណែទម្រង់ឧត្តមសិក្សា។ ដើម្បីចូលរួមអនុវត្តនូវកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់ចេញ ស្តង់ដាសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា។

ការអប់រំនៅមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចឱ្យកុមារអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងការអភិវឌ្ឍកុមារបានគ្រប់ជ្រុង ជ្រោយ។ បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានយកចិត្តទុក ដាក់ដល់ស្រ្ដីមានផ្ទៃពោះ ដោយផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះសម្រាប់ការពិនិត្យផ្ទៃពោះ ការសម្រាល និងបន្តចិញ្ចឹមបីបាច់ថែទាំរហូតដល់ដល់អាយុ២ឆ្នាំ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរៀនថ្នាក់មត្តេយ្យ។ តាមការសិក្សាបានឱ្យឃើញថា កុមារដែលបានរៀននៅមត្តេយ្យសិក្សា ភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សាទាំងក្នុងបឋមសិក្សា មធ្យម សិក្សា និងឈានទៅឧត្តមសិក្សាផងដែរ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបន្ថែមថា នៅកម្រិតបឋមសិក្សា ក្រសួងបានយកចិត្តទុកដាក់ទៅលើការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ ដំបូង ដែលជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ស្តង់ដាសាលារៀនគំរូ។

ជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងលោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំ និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្ពោះទៅលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន៕


ចែករំលែក៖