ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញធ្វើពិធីក្រុងពាលីសាងសង់អគារទទួលភ្ញៀវ និងស្នាក់នៅ និងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីតែងកំណាព្យ ចម្រៀង និងគូររូបលើប្រធានបទដំណើររំដោះជាតិរបស់សម្តេចតេជោ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទទួលភ្ញៀវ និងស្នាក់នៅ ព្រមទាំងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីផ្នែងតែងកំណាព្យ ចម្រៀង និងគូររូបក្រោមប្រធានបទដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុន។

ពិធីនេះត្រូវបានរៀបចំឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦ ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦ ជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រមួយនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ ក្នុងរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។

ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា នាពេលបច្ចុប្បន្ននេះតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្មអុិច១៦ បានសាងសង់សំណង់ជាច្រើនមានដូចជា រូបសំណាក់ ព្រះអង្គ គោកធ្លក មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនពលីជីវិតពេលតស៊ូរំដោះជាតិ អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹក ស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិង ផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

កិច្ចកសាងនៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមិនទាន់បញ្ចប់នៅឡើយ នៅពេលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បន្តកសាងអគារសម្រាប់ទទួលភ្ញៀវ និងការស្នាក់នៅដែលមានតម្លៃជាង ១លានដុល្លារ។

បន្ទាប់ពីពិធីក្រុងពាលីសាងសង់អគារនេះទៅ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីផ្នែកតែងកំណាព្យ ចម្រៀង និងគូររូប លើប្រធានបទដំណើរតស៊ូរំដោះជាតិពីលេខ១ ដល់លេខ៥។

ក្នុងនោះជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភ ៤លានរៀល, លេខ២ ទទួលបាន ៣លានរៀល, លេខ៣ ទទួលបាន ២លានរៀល, លេខ៤ ទទួលបាន ១លានរៀល និងលេខ៥ ទទួលបាន ៥០ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖