ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ប្រធានអង្គភាពផ្តល់សេវាសុខាភិបាល យកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្តល់សេវាពិនិត្យថែទាំព្យាបាលជំងឺដល់ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ប្រធានអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្តល់សេវាពិនិត្យថែទាំព្យាបាលជំងឺដល់ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ។ នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ដើម្បីលើកកម្ពស់ការយកទឹកចិត្តទុកដាក់ក្នុងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅ ធានាបាននូវសិទ្ធិ និងផលប្រយោជន៍របស់យោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និង ឧត្តមនាវី នៅពេលមានជំងឺ ក្រសួងសុខាភិបាល សូមឱ្យគ្រប់អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ពង្រឹង ការអនុវត្តឱ្យបានកាន់តែល្អប្រសើរ តាមខ្លឹមសារនៃ មាត្រា ៣០.-ថ្មី នៃអនុក្រឹត្យ ១៤១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និងមាត្រា ២៣. នៃព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានដូចខាងក្រោម៖

មាត្រា៣០ថ្មី នៃអនុក្រឹត្យលេខ១៤១ អនក្រ.បក «ពេលមានជំងឺ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ត្រូវទទួលបានការព្យាបាលនៅតាមបណ្តាញសុខាភិបាលសាធារណៈ ឬយោធា ដោយថ្លៃ សេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ។ ពេលទទួលមរណភាព ក្រសួងការពារជាតិទទួលបន្ទុក រៀបចំពិធីបុណ្យសពតាមពិធីការយោធា។ ក្នុងន័យនេះ អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំង អស់ត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំព្យាបាលជំងឺ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងមនសិការវិជ្ជាជីវៈខ្ពស់ជូនដល់អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍និងឧត្តមនាវី នៅពេលមានជំងឺ ដោយថ្លៃសេវានៃការ ពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈផ្ទាល់។

មាត្រា២៣ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ យោធិន អតីត យោធិនអាជីពនិងគ្រួសារផ្ទាល់របស់ពួកគេ មានសិទ្ធិព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃកងយោធពល ខេមរភូមិន្ទ ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោក លោកស្រី ចូលរួមអនុវត្តតាមខ្លឹមសារ អនុក្រឹត្យ និងច្បាប់ខាងលើនេះដែលមានជូនភ្ជាប់មកជាមួយ ប្រកបដោយស្មារតីទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖