ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ដំណើរទស្សនកិច្ចនៅសិង្ហបុរី ជាទស្សនកិច្ចផ្លូវការលើកទី៥ នៅក្រៅប្រទេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីសម្ដេចធិបតីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមក។ ការថ្លែងបែបនេះរបស់លោក ហ្សង់ ហ្វ្រង់ស័រតាន់ បន្ទាប់ពីអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅសិង្ហបុរី មកដល់កម្ពុជាវិញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ និងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។
នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបញ្ជាក់ថា ក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្ដីសិង្ហបុរី បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេសប្រទេសទាំងពីរ។
-លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ភាគីទាំងពីក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
-លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ក្នុងជំនួបនេះ ភាគីទាំងពីបានឯកភាពពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយសមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
-លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ អំឡុងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើភាគីសិង្ហបុរីឱ្យបន្ថែមជើងហោះហើរត្រង់ពីសិង្ហបុរី មកខេត្តព្រះសីហនុ បន្ទាប់ពីមានការហោះហើរត្រង់រួចហើយ រវាងសិង្ហបុរី មកភ្នំពេញ និងខេត្តសៀមរាប។
-លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ចំពោះការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តី ឡរ៉េន វ៉ុង បានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងនៃជើងហោះហើរត្រង់ដល់ចំនួន ៥០ ជើងក្នុងមួយសប្តាហ៍ និងការកើនឡើងនៃចំនួនអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។
-លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ក្នុងឱកាសជំនួបជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានសន្យាថានឹងផ្តល់ការគាំទ្របន្ថែមទៀតដល់ការកសាងសមត្ថភាពទៅតាមតម្រូវការរបស់កម្ពុជា រួមមានការបណ្តុះបណ្តាលគ្រូបង្គោលក្នុងវិស័យ TVET ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។
-លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ក្នុងឱកាសជំនួបរវាងសម្ដចធិបតី និងនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានពិភាក្សាគ្នាលើកិច្ចការសំខាន់បី គឺសេដ្ឋកិច្ចពាណិជ្ជកម្ម សន្ដិសុខថាមពល និងវិស័យទេសចរណ៍។ ខណៈក្នុងវិស័យថាមពល និងការប្រែប្រួលអាកាសធាតុ នាយករដ្ឋមន្រ្តីទាំងពីរ បានសាទរលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន។
-លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជា បើចង់រៀនតាមសិង្ហបុរី គួរនាំគ្នារក្សាឱ្យបាននូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីកម្ពុជាអាចខ្លាំងក្លាដូចសិង្ហបុរីនាថ្ងៃអនាគត។
-លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ អ្វីដែលប្រជាជនខ្មែរគួររៀនសូត្រពីសិង្ហបុរីនោះ គឺស្ថិរភាព និងសន្តិភាព ព្រោះថា សិង្ហបុរីចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥ មក សិង្ហបុរីមិនដែលធ្លាក់ទៅក្នុងអស្ថិរភាព ឬ ភាពវឹកវរ ជ្រួលច្របល់ សង្គ្រាម និងរបបប្រល័យពូជសាសន៍ដូចកម្ពុជានោះឡើយ។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ៖ កម្ពុជា គឺកម្ពុជា សិង្ហបុរីគឺសិង្ហបុរី ព្រោះប្រទេសទាំង២មិនដូចគ្នាទេ ដូច្នេះបើចង់ឱ្យកម្ពុជារីកចម្រើនដូចសិង្ហបុរី ប្រជាជនកម្ពុជាត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ។
-លោក តាន់ហ្សង់ ហ្វ្រង់ស័រ៖ ទោះជា យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់សិង្ហបុរីរយះពេលពេល២ថ្ងៃបាននាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនទៅលើកិច្ចសហប្រតិបត្តិការខាង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការទប់ស្កាត់នូវបទល្មើសឆ្លងដែននានា។
-លោក តាន់ហ្សង់ ហ្វ្រង់ស័រ៖ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់កាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) និងបច្ចេកវិទ្យាឌីជីថល។ នាយករដ្ឋមន្ត្រីទាំងពីរ បាន រួមគ្នាធ្វើជាសាក្សី និងអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀង តម្លាភាពហិរញ្ញវត្ថុ (FTC) រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណង បង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការទទួលបានហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរី។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរី ស្តីពីកិច្ច សហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ក្នុងដំណើរទស្សនកិច្ចនេះ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជា ក្តីកង្វល់រួម៕
ដោយ៖តារា