ខេត្តកំពង់ឆ្នាំង៖ អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ -ចារកិច្ច ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយ-ពលទាហានទិសយោធភូមិភាគ ពិសេស នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ដិត តែងតែប្រគល់អំណោយអាវភ្លៀង និងអាវរងារជូនដល់កង កម្លាំងទាំងបីនៅគ្រប់ទិសភូមិភាគ នៅរៀងរាល់ដើមរដូវវស្សា និងរដូវរងាជារៀងរាល់ឆ្នាំ ។
ពិធីប្រគល់បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៩ មិថុនា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី, ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ីវ រុន, អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជា ច្រើនរូបផងដែរ ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នៅក្នុងពិធីប្រគល់អំណោយអាវភ្លៀងនោះ បានមានប្រសាស៍ថា សម្តេចទាំងទ្វេរ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុក ដាក់ពីសុខ ទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេចតែងតែ ឧបត្ថម្ភ អាវភ្លៀងអាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ ។
មេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត បានសំដែងការអគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុស ត្រូវខ្ពស់ ដើម្បីធានាសុខសុវត្ថិភាពរបស់ប្រជាជន និងថែរក្សាការពារ សុខសន្តិភាព ជូនជាតិមាតុភូមិ ។
លោកឧត្តមសេនីយ៍បានផ្តាំផ្ញើដល់កងម្លាំងទាំងអស់ថា ក្នុងនាមជាអ្នកការពារជាតិ ថែរក្សាសុខសន្តិ ភាព និងសុវត្ថិភាពប្រជាជន ដាច់ខាតត្រូវជៀសឲ្យឆ្ងាយពីគ្រឿង ញៀន ព្រោះគ្រឿងញៀននឹងបំផ្លាញសង្គមជាតិទាំង មូល ប្រសិនបើយើងមិនរួមគ្នាទប់ស្កាត់គ្រប់រូបភាពទេនោះ ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងនៅតែបន្តធ្វើកំណែទម្រង់ តាមអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុក រលួយ និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕