ភ្នំពេញ ៖ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានដកស្រង់នូវលទ្ធផលល្អៗ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខដឹកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសិង្ហបុរី ។ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី សម្តេច ធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យ តាមរយៈការផ្លាស់ប្តូរទស្សនៈរួមគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់ តែស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខណៈដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួប អនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតដ៏យូរអង្វែងនៅឆ្នាំ២០២៥ខាងមុខ។ តាមរយៈជំនួបទ្វេភាគី នាពេលនេះ ភាគីទាំងពីរមានជំនឿទុកចិត្តយ៉ាងមុតមាំ លើភាពជាដៃគូទ្វេភាគី និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ដោយបានបញ្ជាក់ពីការគាំទ្រ និងចែករំលែកនូវបទពិសោធគ្នាទៅវិញទៅមក លើវិស័យសំខាន់ៗ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ដោយបន្តកិច្ចពិគ្រោះយោបល់ នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ទូលំទូលាយបន្ថែមទៀត ក្រោយពីបានខកខានតាំងពីឆ្នាំ២០១៩ (២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដោយរៀបចំក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាពឱ្យកាន់តែ ប្រសើរឡើង (៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរួមមានការកសាងនូវ មូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់ពី សិង្ហបុរី-ខេត្តព្រះសីហនុ បន្ថែមលើជើងហោះហើរដែលមានស្រាប់ (៤) កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ថាមពល៖ ភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតក្រុមការងារថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរ ទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនបន្ទល្មើសប្បច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ឱ្យបានជាក់លាក់អំពីកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។ បន្ថែមពីលើនេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួម ក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្តល់អត្ថ ប្រយោជន៍រួមរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល ព្រមទាំងបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការនៃរដ្ឋាភិបាលឌីជីថល ៕
ដោយ ៖ សិលា