ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រារព្ធខួបទិវានៃការចងចាំលើកទី៤៧នេះ គឺដើម្បីរំលឹកដល់ការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយវីរភាពនៃវីរជនយើង ឈានទៅផ្ដួលរំលំរបបប៉ុលពត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ខួបលើកទី៤៧ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទោះបីជាប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដឹងគុណជានិច្ចចំពោះបុព្វហេតុនៃការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជនរួមជាតិទាំងអស់តាមរយៈការរៀបចំទិវានៃការចងចាំនេះជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅកោះថ្ម ដែលតែងតែជឿជាក់និងផ្តល់ទំនុកចិត្តដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៧នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាធ្លាប់បានជួយវៀតណាមឱ្យរំដោះប្រទេស រហូតឈានដល់ការបង្រួបបង្រួមជាតិ។ វៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ឱ្យរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ។ សម្ដេចធិបតីបន្ថែមថា នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីជៀសវាងការបកស្រាយឱ្យមានការយល់ច្រឡំណាមួយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថា ៖ ការបំផ្លាញសន្តិភាព មិនពិបាកនោះទេ ប៉ុន្តែការស្វែងរកសន្តិភាពទើបជាការលំបាក។ ប្រទេសខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំក៏នៅតែមិនអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសខ្លួនបាននៅឡើយ។ ហេតុនេះត្រូវការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលកំពុងតែកើតមាននៅកម្ពុជាសព្វថ្ងៃ និង កម្ទេចចោលរាល់ការប៉ុនប៉ងណាមួយ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ៕ 

  

ដោយ ៖ សិលា


ចែករំលែក៖