ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើពុំមានការចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ខួបលើកទី៤៧ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មX16» នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ប្រវត្តិសាស្រ្ត បានបង្ហាញថា បើពុំមានការចាប់ផ្តើមនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្តេចយកឱកាសដ៏ឧត្តុង្គឧត្តមនេះ ឧទ្ទិសដល់វិញ្ញាណក្ខន្ត បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងដើម្បីបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្រ្ត រហូតសម្រេចបានសមិទ្ធផលធំៗជាច្រើនរបស់ប្រទេសជាតិ ថែរក្សាការពារបាននូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ធនធានមនុស្សត្រូវការរស់នៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពទើបពិបាក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖  មានជ័យជម្នះ ៧ មករា ទើបមាន នយោបាយឈ្នះ-ឈ្នះ មាននយោបាយឈ្នះ-ឈ្នះ ទើបមានសន្តិភាព និងឯកភាពជាតិពេញលេញ ។ ប្រមុខដឹកនាំកម្ពុជាលើកឡើងថា ទំព័រប្រវត្តិសាស្ត្របានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣ ៕

ដោយ ៖ សិលា


ចែករំលែក៖