ភ្នំពេញ៖ បុរសដែលមកលោតទឹកពីលើស្ពានបាឡេសម្លាប់ខ្លួនកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមិថុនាត្រូវបានរកឃើញសពហើយដែលនៅមិនឆ្ងាយពីគល់ស្ពានប្រមាណ១០០ម៉ែត្រ កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេក្បែរទីលានប្រជាធិបតេយ្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ូវ គុន ហៅកាត់ MC Mario អាយុជាង៣០ឆ្នាំ មុខរបរជាពិធីករ ស្នាក់នៅម្ដុំសាលាន័រតុន មានស្រុកកំណើតនៅភូមិត្នោត ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះជា MC Mario មានបងប្អូនប្រុស៣នាក់ សព្វថ្ងៃស្នាក់នៅជាមួយបងប្អូនជីដូនមួយម្ដុំសាលាន័រតុន ហើយជនរងគ្រោះមិនដែលត្អូញត្អែរថាមានទុក្ខលំបាកអ្វីនោះទេ ប្រសិនជាមានបញ្ហា ក៏មានតែបំណុលដែលក្រុមគ្រួសារគ្រប់គ្នាកំពុងរកប្រាក់ដោះស្រាយ និងបូកបញ្ចូលគ្នាសងគេតែប៉ុណ្ណោះ ដូចជាគ្មានបញ្ហាអ្វីក្រៅពីនេះនោះទេ។ លុះដល់វេលាទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ MC Mario ក៏បានឆាតទៅបងប្អូនប្រាប់ថា ជួយមើលម៉ែផងគាត់ទៅហើយ ព្រោះទៅមុខលែងរួច ។ ជនរងគ្រោះបានឆាត ប៉ុន្មានម៉ាត់ចុងក្រោយថា ចាំមកជួយយកសពគាត់នៅក្បែរស្ពានឫស្សីកែវផង។
លុះមកដល់ម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ក្រុមគ្រួសារសាច់ញាតិក៏បានមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅក្រុមរុករក សង្គ្រោះ ៩១១ ដើម្បីមកជួយស្វែងរកសាកសព ខណៈដែលក្រុមសង្គ្រោះ ៩១១ កំពុងចេញទូកទៅរក ដោយសួរបងប្អូនខ្មែរអ៊ិស្លាមដែលប្រកបរបរនេសាទ ក៏បានប្រាប់ថា ពួកគាត់បានឃើញសពជនរងគ្រោះអណ្តែតនៅក្បែរច្រាំង ជិតទីលានប្រជាធិបតេយ្យ ទើបកម្លាំង ៩១១ បានចេញទូកមកស្រង់សពឡើងមកលើគោកតែម្តង។
បន្ទាប់ពីស្រង់សាកសពឡើងលើគោកហើយ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្តបានមកដល់ទីតាំងពិនិត្យសាកសព រួចបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុនៅវេលាម៉ោង ០៥ទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានគេឃើញបុរសរងគ្រោះដើរនៅលើស្ពាននិងចុចទូរស័ព្ទរហូត ដល់ពាក់កណ្តាលស្ពានខ្សែកាប្លិឬស្សីកែវ បុរសរងគ្រោះបានទុកទូរស័ព្ទរួច ហក់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមចូលក្នុងទន្លេលិចបាត់តែម្តង៕
ដោយ៖ ជ្រោយពេជ្រ