ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់មានជំងឺសតិមិនប្រក្រតី រវើរវាយ ហើយត្រូវបានប្តីនាំយកទៅផ្ទះគ្រូខ្មែរអ៊ិស្លាម ស្រាប់តែលួចរត់ចេញ ជិះតាក់សុីទៅចុះនៅលើស្ពានសេកុង ហើយលោតចុះទៅក្នុងទន្លេលិចបាត់ទៅ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថន ទ្រព្យ អាយុ៤៥ឆ្នាំ រស់នៅភូមិវ៉ៃថ្ម ឃុំស្រែសំបូរ ស្រុកសៀមប៉ាង មានប្តីឈ្មោះ យ៉េ អៀត អាយុ៥៥ឆ្នាំ រស់នៅជាមួយគ្នា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានជំងឺសតិមិនប្រក្រតី រវើរវាយខុសពីធម្មតា ហើយត្រូវបានប្តីនាំយកទៅមើលនៅផ្ទះគ្រូខ្មែរអ៊ិស្លាមនៅក្នុងស្រុកសៀមប៉ាង អស់រយៈពេល១០ថ្ងៃមកហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ប្តីរវល់តែទៅផ្ទះដើម្បីទៅរកលុយទុកគ្រាន់មើលប្រពន្ធ ដោយទុកប្រពន្ធនៅផ្ទះគ្រូ ស្រាប់តែប្រពន្ធលួចរត់គេចចេញ ឡើងជិះតាក់សុីទៅសុំចុះលើស្ពានសេងកុង ហើយលោតចុះទឹកទន្លេតែម្តងដោយបន្សល់ទុកស្បែកជើង ទូរស័ព្ទ មួកនៅលើស្ពាន។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋចេញទូកដើម្បីស្វែងរកសពជនរងគ្រោះផងដែរ៕
ដោយ៖ ជ្រោយពេជ្រ