ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរថយន្តចិនស្នើសុំរដ្ឋាភិបាលដំឡើងពន្ធ២៥%សងសឹកលើអឺរ៉ុប

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថាក្រុមហ៊ុនរថយន្តរបស់ចិនបានអំពាវនាវឱ្យទីក្រុងប៉េកាំងវាយបកគូប្រជែងសហភាពអឺរ៉ុបជាមួយនឹងពន្ធនាំចូលរហូតដល់ 25% ប្រសិនបើអឺរ៉ុបសម្រេច ដាក់ពន្ធលើយានយន្តពីប្រទេសចិន។
ការទាមទាបែបនេះត្រូវបានគេរាយការណ៍ថាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារដែលរៀបចំដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនរថយន្តអឺរ៉ុបផងដែរ។
វិធានការនេះនឹងកំណត់គោលដៅរថយន្តមកពីសហភាពអឺរ៉ុបដែលមានម៉ាស៊ីនប្រើសាំងធំៗ។
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានវាយប្រហារយ៉ាងខ្លាំងទៅលើ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV) ជាមួយនឹងពន្ធរហូតដល់ 38% ចាប់ពីថ្ងៃទី 4 ខែកក្កដា។
កិច្ចប្រជុំនៅទីក្រុងប៉េកាំងមានការចូលរួមដោយក្រុមហ៊ុនរថយន្តចិនចំនួនបួន និងក្រុមហ៊ុនអឺរ៉ុបចំនួនប្រាំមួយ នេះបើយោងតាមអត្ថបទមួយដែលបានចេញផ្សាយដោយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋ CCTV ។
ក្រុមហ៊ុនយក្សផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានបញ្ជាក់ប្រាប់ BBC ថាខ្លួនមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលត្រូវបានពិភាក្សា។
Porsche បដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈ BMW មិនបានឆ្លើយតបភ្លាមៗទេពេល BBCទាក់ទង។
របាយការណ៍បាននិយាយថា “ក្រុមហ៊ុនរថយន្តរបស់ប្រទេសចិនបានអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកវិធានការណ៍ប្រឆាំងនឹងសហភាពអឺរ៉ុប” ។
របាយការណ៍នេះបានបន្លឺឡើងនូវអត្ថបទមួយដែលបានចេញផ្សាយកាលពីខែមុនដោយកាសែតរដ្ឋ Global Times ដែលបាននិយាយថា ពន្ធ 25% គួរតែអនុវត្តចំពោះរថយន្តដែលមានម៉ាស៊ីនសាំងធំជាង 2.5 លីត្រ។


ចែករំលែក៖