ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។

សូមជម្រាបជូនថា​ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម ។

ក្នុងព្រះជន្ម ១១ព្រះវស្សា ទ្រង់បានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២ឆ្នាំក្រោយមក ឧបាសិកា ម៉ឹង យឹម ជាមាតា បានទទួលអនិច្ចកម្មទៅ។

ព្រះជន្ម ១៧ព្រះវស្សា ទ្រង់បានទៅស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យ និងព្រះជន្ម ១៩ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរក្នុងសំណាក់ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ព្រះជន្ម ២១ព្រះវស្សា ទ្រង់បានបំពេញឧបសម្បទាជាភិក្ខុភាវៈ (លើកទី១) នៅវត្តពោធិ៍ដដែល ដោយមានព្រះតេជព្រះគុណ ឃ្លោក អ៊ិច ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ អ៉ឹង ជា និងព្រះតេជព្រះគុណ សួស មាស ជាព្រះឧបសម្បទាចារ្យ បានទទួលនាមប្បញ្ញត្តិថា «នន្ទត្ថេរោ»។

នៅដើមទសវត្សរ៍១៩៥០ ទ្រង់បាននិមន្តចេញពីវត្តពោធិ៍ ទៅតាមបម្រើព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍កាលបួសជាសាមរណេរ ដែលមានអាពាធជាទម្ងន់សម្រាកព្យាបាលនៅសាលាបុណ្យ១កន្លែង ស្ថិតក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ពុទ្ធបរិស័ទជ្រះថ្លាបានរួបរួមគ្នាស្ថាបនាសាលាបុណ្យនោះឱ្យទៅជាវត្តថ្មីមួយឈ្មោះថា វត្តអម្ពវ័ន ហៅ វត្តព្រៃជួរ ។

ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ នៅវត្តអម្ពវ័ន (ព្រៃជួរ) ដរាបបានប្រឡងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក និងធ្វើជាព្រះអាចារ្យបង្រៀនធម្មវិន័យ ដល់ភិក្ខុសាមណេរក្នុងវត្តអម្ពវ័ន (ព្រៃជួរ)។

ឆ្នាំ១៩៦៣-១៩៦៤ ទ្រង់បានបន្តការសិក្សាថ្នាក់បំពេញវិជ្ជាខាងអក្សរសាស្ត្រខ្មែរសម្រាប់ធ្វើគ្រូបង្រៀន សាលាវត្ត នៅវត្តព្រះវិហារអណ្តែត ហៅវត្តឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លុះបញ្ចប់ការសិក្សា និងបានប្រឡងជាប់ហើយ ទ្រង់បាននិមន្តត្រឡប់មកគង់នៅវត្តអម្ពវ័ន (ព្រៃជួរ) ធ្វើជាគ្រូបង្រៀនដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឱ្យលាចាកសិក្ខាបទ។

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ លោកគ្រូបណ្ឌិត នន្ទ ង៉ែត ត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យធ្វើការងារគ្មានថ្ងៃឈប់សម្រាក ដូចប្រជាជនទូទៅ ជាពិសេសបានបង្ខុំឱ្យលោកបណ្ឌិត យកភរិយា ប៉ុន្តែ លោកបណ្ឌិតបានបដិសេធ និងរក្សាបាននូវព្រហ្មចរិយធម៌ជាដរាប។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅថ្ងៃពុធ ១៣ រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ទ្រង់ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ (លើកទី២) ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ទ្រង់បានទទួលនាមប្បញ្ញត្តិថា «បស្សទ្ធិសម្ពោជ្ឈង្គិកោ»។

ក្រោយទទួលឧបសម្ប័ទជាភិក្ខុភាវៈរួច ទ្រង់បានគង់នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ អស់រយៈកាល ៧ខែគត់ និងមានសមណស័ក្ដិជាសមាជិកការកសង្ឃ នៃគណៈកម្មាធិការសង្ឃមជ្ឈិម ព្រមទាំងជា​ព្រះឧបសម្បទាចារ្យ និមន្តចូលរួមរៀបចំពិធីបំបួសកុលបុត្រក្នុងប្រទេសកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖