ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តប្រភេទកូរ៉េដឹកទឹកកក បួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ផ្ងារជើងរងការខូចខាត ។
ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទល់មុខក្រុមហ៊ុន សែលកាត ផ្លូវព្រះសីហនុ កែងផ្លូវ៥៥សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បានបេីករថយន្តប្រភេទកូរ៉េដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3G 0308 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥៥ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហេីយស្រវឹង លុះមកដល់ចំណុចកេីតហេតុ អ្នកបេីកបរបានបួងចង្កូតបត់ឆ្វេងឡើងទៅផ្លូវព្រះសីហនុ តែដោយតែរថយន្តលឿនពេកហើយអ្នកបេីកបរស្រវឹង ទប់ដៃចង្កូតមិនជាប់ ទេីបធ្វើឱ្យរថយន្ត ផ្អៀងក្រឡាប់ផ្ងារជើង មួយចំហៀងខាងស្តាំរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកបេីកបរ។
ក្រោយពេលកេីតហេតុ ដោយសារតែអ្នកបេីកបរស្រវឹងហើយធ្វើខូចខាតផ្លូវផងនោះ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការស្ទូចយករថយន្តទៅរក្សាទុករង់ចាំដំណោះស្រាយពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ