ភ្នំពេញ ៖ Tan Kimsour-តាន់ គឹមសួរ អ្នកការពារអភិរក្សសត្វព្រៃ ព្រៃឈើ ក្នុងតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបង្ហោះលើផេកផ្លូវការ ហាក់ដឹងពីតម្រុយ ពីលោកភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់នេះមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋកម្មព្រៃឈើ ។ ទោះជាលោក Tan Kimsour-តាន់ គឹមសួរ មិនបញ្ជាក់លម្អិតពី សកម្មភាពលោកស្នងការរង រូបនេះពុករលួយ ដោយរបៀបណាក៏ដោយ ប៉ុន្តែលោក Tan Kimsour-តាន់ គឹមសួរ បានសរសេរថា ៖
តើលោកភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់នេះមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋកម្មព្រៃឈើដែលបង្កឡើងដោយឈ្មោះកោះ សុភី ហៅតាហ៊យ ឬជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?
លោក Tan Kimsour-តាន់ គឹមសួរ បានលើកឡើងថា ៖ ខ្ញុំពិតមិនយល់ដែរថាហេតុអ្វីបានជាបុគ្គលដែលសម្បូរទៅដោយរឿងអាស្រូវ(ស្ទើរតែគ្រប់គ្នានៅខេត្តពោធិ៍សាត់ដឹងអំពីរឿងអាស្រូវរបស់គាត់ ធ្លាប់ប្រើប្រាស់អំពើហឹង្សាទៅលើមន្ត្រីក្រោមឱវាទ និងមានការជាប់ពាក់ព័ន្ធជាមួយបទល្មើសជួញដូរព្រៃឈើជាច្រើនករណីទៀត) ដូចបុគ្គលម្នាក់នេះអាចឡើងតំណែងជាស្នងការរងទទួលផែនខាងសេដ្ឋកិច្ចប្រចាំខេត្តពោធិ៍សាត់ដោយរបៀបណាទេ ខ្ញុំសូមមិនបរិយាយច្រើនអំពីរឿងរ៉ាវពីមុនរបស់គាត់ បងប្អូនអាចឆែកស្វែងរកមើលដោយខ្លួនឯងបាន។
លោក Tan Kimsour-តាន់ គឹមសួរ បន្តថា៖ ហេតុអ្វីបានជាខ្ញុំគិតថាលោកលោកភុំ ផៃឌឿមមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋជនព្រៃឈើឈ្មោះកោះ សុភី ហៅតាហ៊យ ឬលោកជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?
លោក Tan Kimsour-តាន់ គឹមសួរ លើកឡើងថា ៖ យោងទៅលើករណីថ្មីៗនេះ នៅថ្ងៃទី១៣-ថ្ងៃទី១៥ ខែមិថុនា ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដមខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំរបស់លោកប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ពួកយើងបានរកឃើញឃ្លាំងស្តុកឈើធំៗចំនួនបីទីតាំងចំកណ្ដាលទីប្រជុំជនឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់តែម្ដង ហើយនៅក្នុងឃ្លាំងមួយចំនួន គឺមាន៖
-ការរៀបចំម៉ាស៉ីនរៃច្រៀកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់(សំឡេងម៉ាស៉ីលឺខ្លាំងណាស់)។
-រកឃើញនូវប្រភេទឈើកម្រជាច្រើន ដែលប្រភេទឈើនិងធំហំឈើទាំងនោះសុទ្ធសឹងតែប្រភេទឈើនាំចេញទាំងអស់។
-រកឃើញនូវកន្ទុយឡានវេអង បាត់ក្បាលឡាន(ជាប្រភេទឡានដឹកជូនឈើចេញទៅក្រៅស្រុក)។
-រកឃើញនូវឡានអាដំរីទឹក១គ្រឿង (២គ្រឿងទៀតគេចខ្លួនបាត់)
-រកឃើញនូវហ្គារាសឡានអាដំរីទឹក ឡានអាដំរីទឹកមួយគ្រឿងផ្សេងទៀតកំពុងតែដំឡើង។
លោក Tan Kimsour-តាន់ គឹមសួរ ថា៖ បើលោកស្នងការរងម្នាក់នេះមិនមានការពាក់ព័ន្ធក្នុងករណីនេះទេ តើហេតុអ្វីបានជាបណ្ដោយឲ្យមានឧក្រិដ្ឋកម្មព្រៃឈើកើតឡើងយ៉ាងបើកចំហ និងមានសុខសុវត្តិភាពយ៉ាងពេញទីរាប់សិបឆ្នាំបែបនេះ? កុំប្រកែកថាមិនដឹងខ្យល់អីណា នេះគឺជាបន្ទុកភារកិច្ចរបស់លោក ហើយលោកក៏មានកូនចៅគ្រប់ទិសទីទាំងលើគោក និងលើទឹកដើម្បីឃ្លាំមើល។ បើលោកឆ្លើយថាមិនដឹងខ្យល់អី បានន័យថាលោកមានការពាក់ព័ន្ធយ៉ាងធំជាមួយករណីនេះ ឬជាមន្ត្រីដ៏អសមត្ថភាពជាទីបំផុត។
លោក Tan Kimsour-តាន់ គឹមសួរ បន្តថា៖ ក្រោមដំបូលសន្តិភាព មិនគួរណាមានវត្តមានមន្ត្រីបែបនេះបង្កព្យុះភ្លៀងឲ្យថ្នាក់ដឹកនាំឈឺក្បាលបែបនេះទេ។
លោក Tan Kimsour-តាន់ គឹមសួរ ថា៖ ជាចុងក្រោយខ្ញុំសូមគោរពស្នើសុំថ្នាក់ដឹកនាំមេត្ដាពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។
ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចសុំការបំភ្លឺបានទេពីលោក ភុំ ផៃឌឿម ស្នងការរង នគរបាលខេត្តពោធិ៍សាត់ ទទួលផែនបទល្មើសសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ប៉ុន្តែអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងរដ្ឋបាល៕
ដោយ ៖ សុខ ខេមរា