ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ បានធ្វេីការបង្ហាញមុខជនសង្ស័យប្រុសស្រី០៣នាក់ មុនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ក្រោយពីពាក់ឯកសណ្ឋាននគរបាលក្លែងក្លាយ( ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែង )ទៅធ្វេីសកម្មភាពប្លន់យកទូរស័ព្ទដៃ និងម៉ូតូមួយគ្រឿងពីនារីរងគ្រោះនិងព្រះសង្ឃបានសម្រេច កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្ទះចាំចំការ ផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន០២នាក់ ៖ ទី១.ឈ្មោះ សាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី២/ឈ្មោះ ចាន់ ផលលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ ស្នាក់នៅវត្តកំពង់ក្ដុល ស្ថិតនៅភូមិម្មិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ សាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដើម្បីយកសៀវភៅទៅប្រគេនជនរងគ្រោះជាព្រះសង្ឃឈ្មោះ ចាន់ ផលលិត ភេទប្រុស អាយុ១៩ឆ្នាំ។ ពេលនោះជនរងគ្រោះឈ្មោះ ចាន់ ផលលិត បានប្រាប់ឱ្យជនរងគ្រោះឈ្មោះ សាន ពិសី ទៅជួបគាត់ (ជនរងគ្រោះឈ្មោះ ចាន់ ផលលិត) នៅផ្ទះចាំចំការ ដែលជនរងគ្រោះឈ្មោះ សាន ពិសី ធ្លាប់យកសៀវភៅទៅប្រគេនពីមុន ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ហើយផ្ទះចាំចំការនោះគឺជនរងគ្រោះឈ្មោះ ចាន់ ផលលិត បានស្គាល់ឈ្មោះ ប៊ុត សាវី ភេទប្រុស អាយុ៦៥ឆ្នាំ ជាអ្នកចាំចំការ។ ពេលជនរងគ្រោះឈ្មោះ សាន ពិសី ទៅដល់ផ្ទះចំការខាងលើ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ សាន ពិសី ក៏បានឡើងទៅជួប ជនរងគ្រោះឈ្មោះ ចាន់ ផលលិត នៅផ្ទះចាំចំការខាងក្រោយ ។ ហើយជនរងគ្រោះឈ្មោះ សាន ពិសី បានយកសៀវភៅចេញពីកាបូបប្រគល់ឱ្យជនរងគ្រោះឈ្មោះ ចាន់ ផលលិត រួចជនរងគ្រោះឈ្មោះ សាន ពិសី ក៏បានខ្ចីទូរស័ព្ទដៃម៉ាក Iphone XsMax ពណ៌ទឹកមាស ពីរបស់ជនរងគ្រោះឈ្មោះ ចាន់ ផលលិត ដើម្បីទូរស័ព្ទទៅមិត្តភក្តិ ស្រាប់តែមានជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ ភេទប្រុស អាយុ១៨ឆ្នាំ បានឡើងទៅលើផ្ទះខាងលើនោះដែរ ក្នុងសំលៀកបំពាក់ឯកសណ្ឋាននគរបាលឈុតពណ៌ខៀវ ផ្លាកឈ្មោះ វី សុភាវ៉ាន់ អត្តលេខ65145 ដណ្តើមយកទូរស័ព្ទដៃម៉ាកខាងលើពីដៃជនរងគ្រោះឈ្មោះ សាន ពិសី រួចច្រានជនរងគ្រោះឈ្មោះ សាន ពិសី ចូលទៅក្នុងផ្ទះជាមួយជនរងគ្រោះឈ្មោះ ចាន់ ផលលិត ហើយទាញទ្វារបិទយកខ្សែចងទ្វារពីខាងក្រៅ ។ ហើយជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ បាននិយាយថានៅឱ្យស្ងៀមទៅ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ពាក់សក្តិ៤ និងជនសង្ស័យឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ១៩ឆ្នាំ បានឡើងមកដល់ ហើយពួកគេបាននិយាយទារលុយពីជនរងគ្រោះឈ្មោះ សាន ពិសី ចំនួន៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិក) រួចជនរងគ្រោះឈ្មោះ ចាន់ ផលលិត ក៏បានសួរនាំទៅពួកគេថា ប៉ូលិសមកពីខាងណា រួចពួកគេបានប្រាប់ជនរងគ្រោះហាក់ដូចមិនច្បាស់លាស់ ទើបព្រះសង្ឃឈ្មោះ ចាន់ ផលលិត ក៏បានលូនចេញពីក្នុងតាមសំយ៉ាបផ្ទះចុះទៅក្រោម។ ពេលនោះជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ បានឃើញក៏ដេញតាម តែតាមមិនទាន់ក៏បានត្រឡប់មកវិញ បើកទ្វារចូលទៅក្នុងផ្ទះដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី រួចយកកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ សាន ពិសី ឆែករកមើលឃើញសោម៉ូតូ រួចជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ក៏បានយកសោម៉ូតូ បើកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សាន ពិសី រួមនិងទូរស័ព្ទដៃម៉ាកខាងលើនាំគ្នាគេចខ្លួនបាត់ ។ ដោយសារកដៃជនរងគ្រោះឈ្មោះ សាន ពិសី តូចក៏បានប្រឹងរើដោះខ្នោះដៃចេញដោយខ្លួនឯង រួចមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។
រហូតដល់វេលាម៉ោង២១និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ និងទី០២ឈ្មោះ ខូវ រច្ចនា រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HU-2504 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ សាន ពិសី) ព្រមទាំងខ្នោះដៃចំនួន០២, កាតប៉ូលិស (ក្លែងក្លាយ) ,ប័ណ្ណសសើរ(ក្លែងក្លាយ) ,ឯកសណ្ឋាននគរបាលអាវឈុតពណ៌ខៀវផ្លាកឈ្មោះ វី សុភាវ៉ាន់ ចំនួន០១,/ឯកសណ្ឋាននគរបាលអាវពណ៌ទឹកដោះគោពាក់សក្តិ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន០២គ្រឿង, លិខិតសុំបម្រើការងារឈ្មោះ ជ្រឹង វេហា ចំនួន០១សន្លឹក, ឯកសារធ្វើដីកាចាប់ខ្លួនក្លែងក្លាយមួយចំនួន, កាបូបស្ពាយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀនតាមនីតិវិធីច្បាប់ ។
លុះដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចជំនាញក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ជ្រឹង វេហា ហៅ ភោគ ត្រង់ចំណុចផ្ទះលក់គ្រឿងសំណង់ ផ្លូវសណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាក IphoneXsMax ពណ៌ទឹកមាសចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ចាន់ ផលលិត), ២/ស្រោមខ្នោះពណ៌ខ្មៅចំនួន២, ៣/ខ្សែក្រវ៉ាត់ប៉ូលិសចំនួន១, ៤/ឯកសណ្ឋាននគរបាលខោជើងវែងពណ៌ខៀវចំនួន១,៥/អាវយឺតដៃវែងពណ៌ខ្មៅមានឡូហ្គោប៉ូលិសចំនួន០១ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី ប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរនាក់ប្រាកដមែន ៕
ដោយ ៖ ភារ៉ា ដង្កោ