ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនចេញពីវៀតណាមភ្លាម សហរដ្ឋអាមេរិកបញ្ជូនបេសកជនពិសេសទៅភ្លាម

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា សហរដ្ឋអាមេរិកបាននិយាយថា នឹងបន្តផ្ដោតលើការពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយទីក្រុងហាណូយ ដើម្បីប្រជែងឥទ្ធិពលចិននៅក្នុងតំបន់។
មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកជាមួយស្នូរបាញ់កាំភ្លើងធំគារវកិច្ច នាឱកាសបំពេញទស្សនកិច្ចនៅវៀតណាម ហើយបាននិយាយថាលោកមានបំណងកសាង «និម្មាបនកម្មសន្តិសុខថ្មីមួយ» នៅក្នុងតំបន់។ ទ្រាំមិនបាន ប៉ុន្មានម៉ោងក្រោយមក វ៉ាស៊ីនតោនបានប្រកាសថា មន្ត្រីទូតកំពូលរបស់ខ្លួនទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា លោក Daniel Kritenbrink នឹងធ្វើទស្សនកិច្ចទៅកាន់វៀតណាមពីថ្ងៃសុក្រ រហូតដល់ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ដើម្បីគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយទីក្រុងហាណូយ សំដៅធានាឱ្យបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ទីក្រុងវ៉ាស៊ីនតោនបានរិះគន់វៀតណាម សម្រាប់ការទទួលស្វាគមន៍លោក ពូទីន ដោយនិយាយថា មេដឹកនាំរុស្ស៉ីមិនគួរត្រូវបានផ្ដល់ឱកាសដើម្បីលើកកម្ពស់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកហាក់បន្ទន់ឥរិយាបថវិញ ដោយនៅពេលត្រូវបានសាកសួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា តើសហរដ្ឋអាមេរិកជឿជាក់ថា តើ លោក ពូទីន អាចនឹងស្នើសុំការគំាទ្រពីវៀតណាមសម្រាប់សង្រ្គាមនៅអ៊ុយក្រែនដែរឬទេ? លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានត្រឹមនិយាយថា វ៉ាស៊ីនតោន រំពឹងថាទីក្រុងហាណូយនឹងបន្តអនុវត្តតាមគោលការណ៍របស់អង្គការសហប្រជាជាតិស្ដីពីការគោរពបូរណភាពទឹកដីនៃបណ្ដាប្រទេសដទៃ។
លោក Kirby ថែមទាំងបានសង្កត់ធ្ងន់ទៀតផងចំពោះការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយវៀតណាមកាលពីឆ្នាំមុន ហើយថាអាមេរិកនឹងបន្តផ្តោតលើការបន្តពង្រឹង ទំនាក់ទំនងស៊ីជម្រៅជាមួយវៀតណាម និងលើកកម្ពស់ផលប្រយោជន៍រវាងគ្នាទៅវិញទៅមកផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖