ព័ត៌មានទាន់ហេតុការណ៍៖

សម្តចធិបតី ហ៊ុន ម៉ាណែត ៖ តម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ តម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ 

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី មានប្រសាសន៍ថា ៖ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏ មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ។

សម្តេចធិបតីបន្តថា ៖ សម្រាប់ឆ្នាំ២០២៤នេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម គ្រឿងញៀន (UNODC) បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ * ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» (The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈ ការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់នៅលើសកលលោក ដោយបាន រៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី ខេត្ត ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្នុងគោលបំណង បន្តបំផុសនិងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្ស ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែល បង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ

«ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ យោងតាមរបាយការណ៍ស្តីពី ស្ថានភាពគ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និន្នាការនៃការដាំដុះ ការផលិត ការចរាចរ និង ការជួញដូរគ្រឿងញៀនទាំងនៅក្នុងនិងក្រៅតំបន់ មិនទាន់មានការថយចុះឡើយ។ វិបត្តិដែលបង្កឡើងដោយជំងឺ កូវីដ-១៩ វិបត្តិជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា មិនបានរារាំងបង្អាក់ សកម្មភាពក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះឡើយ ផ្ទុយទៅវិញបានបង្កើតជាឱកាសសម្រាប់បង្កើនការធ្វើសកម្មភាព លួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅ ប្រទេសមួយទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងបង្កើតសោកនាដកម្មគ្រប់បែបយ៉ាង ច្រើនរាប់មិនអស់ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅលើសកលលោក ហើយក្នុងនោះកម្ពុជានៅតែទទួលរងឥទ្ធិពល អវិជ្ជមានទាំងនេះ ដែលបណ្តាលឱ្យករណីប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍នៅតែបន្តកើតមាន និងរីករាលដាល ដល់ជនបទផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើន ពាន់ករណីត្រូវបានបង្ក្រាប ចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់៕ 

ដោយ ៖ សិលា


ចែករំលែក៖