ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងលោកហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ ការបោះឆ្នោត របស់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ ការកណ្តាលគណបក្សប្រជាជនកម្ពុជា។មានវត្តមានក្នុងកិច្ចប្រជុំនោះដែររួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ថ្នាក់ ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប ៧៤៧ នាក់។
កិច្ចប្រជុំមានគោលបំណង តាមដានវឌ្ឍនភាព និងវាយតម្លៃសភាពការណ៍នយោបាយ ក្រោយការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង -ស្រុក-ខណ្ឌកន្លងទៅ និងដាក់ទិសដៅឆ្ពោះទៅការ បោះឆ្នោតនាពេលខាងមុខ។ មានមតិដឹកនាំក្នុងកិច្ចប្រជុំលោកប្រធានក្រុមការងារ បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ការត្រៀមលក្ខណៈពីចម្ងាយ ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សេចក្តីណែនាំទាំងឡាយរបស់គណបក្សសំដៅធានាប្រៀបឈ្នះ និងជ័យជម្នះជូនគណបក្សរាល់ការបោះឆ្នោតទាំងអស់។
នាឱកាសនោះផងដែរ កិច្ចប្រជុំក៏បានទទួលបានការចូលរួមចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមពីក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលជាធាតុចូលបន្ថែមដល់ការរៀបចំផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតសម្រាប់ខេត្តកំពង់ស្ពឺ៕
ដោយ៖ សូរិយា