ខេត្តព្រះសីហនុ ៖ តាមរយៈការបង្ហោះតាមបណ្តាញសង្គមថា គេបានប្រទះឃើញត្រី ដូហ្វុីនពណ៌ផ្កាឈូកមួយក្បាលនៅចន្លោះពាក់កណ្តាលផ្លូវកំពង់សោម និងកោះរុងសន្លឹម កំពុងលោតហែលលើផ្ទៃសមុទ្រ រហូតដល់អ្នកទេសចរឃើញទិដ្ឋភាពនេះបង្ហោះថា ៖ «អូនពណ៌ផ្កាឈូក ស្រស់ណាស់»។
សូមបញ្ជាក់ថា ៖ កន្លងទៅបុរសជនជាតិចិនម្នាក់បានបង្ហោះវីដេអូសកម្មភាពហ្វូងត្រីដូហ្វុីនជាច្រើនក្បាលហែលផុសឡើងនៅលើផ្ទៃសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ។ វីដេអូនៃការរកឃើញត្រីដូហ្វុីននោះត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះជាភាសាចិន Liuxiaoqiang និងតាមTik Tok ឈ្មោះថា @Koh Rong driving។
ខណៈដែលបុរសជនជាតិចិននោះបានជិះកប៉ាល់នៅសមុទ្រកោះរ៉ុង បុរសរូបនោះបានថតជាប់ហ្វូងត្រីដូហ្វុីនកំពុងតែលោតបង្ហាញខ្លួន។ ក្នុងវីដេអូ បុរសជនជាតិចិននោះបានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយនៅពេលប្រទះឃើញហ្វូងត្រីដូហ្វុីនហែលក្រោមកប៉ាល់ខ្លួន រួចខ្លួនក៏បានលោតចូលក្នុងសមុទ្រហែលទៅជិតត្រីទាំងនោះ។
បុរសជនជាតិចិនរូបនោះបានបញ្ជាក់ថាខ្លួនមករស់នៅលើកោះរ៉ុងនេះអស់រយៈពេល៣ឆ្នាំហើយក៏បានជួបប្រទះនូវសត្វត្រីដូហ្វុីននេះជាច្រើនលើកមកហើយដែរ។
លោកបាននិយាយដូច្នេះថា៖ «ខ្ញុំបានជួបត្រីដូហ្វុីនជាច្រើនដងហើយ ឃើញអ្នកទាំងអស់គ្នាចូលចិត្ត។ ដូច្នេះខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាយើងអាចការពារបរិស្ថានទាំងអស់គ្នាដើម្បីឱ្យសត្វប្រភេទនេះមានវត្តមានរស់នៅក្នុងមហាសមុទ្រដ៏ស្រស់បំព្រងនៃកម្ពុជាកាន់តែច្រើន»។
ក្រោយពីជនជាតិចិនបង្ហោះវីដេអូនោះភ្លាម មានមហាជនជាច្រើនក៏បានរីករាយនឹងឃើញត្រីដ៏កម្រនេះមានវត្តមាននៅក្នុងដែនសមុទ្រកម្ពុជា។
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុលថុល ធ្លាប់បានបញ្ជាក់ថា ៖ កន្លងមកលោកនិងភ្ញៀវទេសចរមួយចំនួនក៏ធ្លាប់បានប្រទះឃើញហ្វូងត្រីដូហ្វុីននេះនៅក្នុងសមុទ្រកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «ជាការណ៍ពិតដែលកម្ពុជាមានវត្តមានត្រីដូហ្វុីននេះនៅសមុទ្រកម្ពុជា។ ខ្ញុំធ្លាប់ឃើញវាច្រើនដងដែរ តែឃើញជាត្រីដូហ្វុីនតូចៗ»។
លោកអភិបាលក្រុងកោះរ៉ុងបានប្រាប់ឱ្យដឹងថា ៖ សត្វត្រីដូហ្វុីននេះកម្រនឹងបានឃើញវាណាស់។ បើតាមលោក នួន ប៊ុលថុល ត្រីប្រភេទនេះ វាបង្ហាញខ្លួននៅកណ្តាលសមុទ្រទឹកជ្រៅ។
លោកបានបន្តថា ៖ អាជ្ញាធរក៏ធ្លាប់បានអំពាវនាវឱ្យពលរដ្ឋដែលជាអ្នកនេសាទ និងភ្ញៀវទេសចរកុំប៉ះពាល់ និងចាប់វា ពោលគឺត្រូវរួមគ្នាថែរក្សា និងអភិរក្សត្រីដ៏កម្រមួយនេះ ខណៈដែលកន្លងមកត្រីប្រភេទនេះត្រូវបានជាប់មងរបស់អ្នកនេសាទ៕
ដោយ ៖ សិលា