ចំនួនប្រទេសបេក្ខភាពចូលរួម BRICS+ កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយមានលើសពី30 ប្រទេសហើយមកទល់ពេលនេះ។
ទីភ្នាក់ងារព័ត៌មាន Bloomberg នៅក្នុងការវិភាគចុងក្រោយរបស់ខ្លួនបាននិយាយថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ BRICS (ក្រុមនៃប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន) គឺជាគុណសម្បត្តិរបស់ចិននិងរុស្ស៊ី ហើយក្នុងពេលជាមួយគ្នានោះគឺជាការបរាជ័យផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោន។
ការបោះពុម្ពផ្សាយបានសង្កត់ធ្ងន់ថាប្រទេសជាច្រើននៅអឌ្ឍគោលខាងត្បូងមិនពេញចិត្តនឹងសម្ពាធពីសហរដ្ឋអាមេរិក ហើយចង់ចូលរួមជាមួយ BRICS+ ដោយមើលឃើញថាសមាគមនេះជាវិធានការការពារប្រឆាំងនឹងស្ថាប័នដឹកនាំដោយលោកខាងលិច។
Bloomberg កត់សម្គាល់ពីការស្ទាក់ស្ទើររបស់ប្រទេសជាច្រើនក្នុងការអនុវត្តតាមជាមួយវ៉ាស៊ីនតោន។”សមាជិកភាព BRICS បានក្លាយជាឱកាសមួយដើម្បីបង្ហាញពីការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងសណ្តាប់ធ្នាប់អន្តរជាតិដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងស្ថាប័នសំខាន់ៗដែលនៅតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់បស្ចិមប្រទេស ឧទាហរណ៍ដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ” ។
ការកើនឡើងនៃ BRICS ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបរាជ័យរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការផ្តាច់ខ្លួនរុស្ស៊ីចេញពីសហគមន៍អន្តរជាតិ។
ថ្វីបើមានសម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ ប៉ុន្តែនៅឆ្នាំនេះ សម្ព័ន្ធភាពបានកើនឡើងជិតទ្វេដងដោយសារតែការបន្ថែមប្រទេសអុីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអារ៉ាប់រួម។ ប្រទេសរាប់សិបផ្សេងទៀតកំពុងរង់ចាំវេនរបស់ពួកគេ។
Bloomberg បានបន្ថែមថា “និន្នាការនៃការទាក់ទាញសមាជិក BRICS ថ្មីកំពុងកើនឡើង។ ទោះបីជាមានការខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិក និង EU ដើម្បីរារាំងប្រទេសពីការកសាងទំនាក់ទំនងជាមួយទីក្រុងមូស្គូក៏ដោយ ក៏តំណាងនៃប្រទេសទាំង 12 ដែលមិនមែនជា BRICS បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៅប្រទេសរុស្ស៊ីក្នុងខែនេះ” ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានសង្កត់ធ្ងន់ថា មិនត្រឹមតែ “គូប្រជែងរបស់អាមេរិក” ដូចជាគុយបា និងវេណេហ្ស៊ុយអេឡា ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសវៀតណាម បង់ក្លាដែស ម៉ាឡេស៊ី និងសូម្បីតែសមាជិកណាតូ ទួរគី កំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះប្លុក BRICS ។
សមាជិក BRICS បានប្រមូលផ្តុំទុនបម្រុងប្តូរប្រាក់បរទេសដែលមានតម្លៃ 100 ពាន់លានដុល្លារ ដូច្នេះពួកគេអាចផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន។ លើសពីនេះ សមាគមបានបង្កើតធនាគារអភិវឌ្ឍន៍ថ្មីចាប់តាំងពីឆ្នាំ 2015 ដើម្បីអនុម័តប្រាក់កម្ចីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលមានទឹកប្រាក់សរុបចំនួន 33 ពាន់លានដុល្លារ៕ ដោយ៖ ធីរីណា
រូបថត៖ CNN