សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ បាននិយាយថា ចិនមានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅអាកាសធាតុសកល។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Hangzhou នៃភាគខាងត្បូងប្រទេសចិន មួយថ្ងៃបន្ទាប់ពីបានជួបក្រុមមន្ត្រីចិន ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក Robert Habeck បានគូសបញ្ជាក់ដូច្នេះថា «បើមិនមានការចូលរួមពីចិនទេ វានឹងមិនអាចទៅរួចឡើយក្នុងការសម្រេចឱ្យបាននូវគោលដៅអាកាសធាតុសកល»។ លោកបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្ន មានបញ្ហាមួយចំនួនដែលជាឧបសគ្គរារាំងដល់ការទប់ស្កាត់ការកើនឡើងកម្ដៅផែនដី ដូច្នេះហើយទើបការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង គឺជារឿងមួយចាំបាច់។
អំឡុងទស្សនកិច្ចរបស់លោក Habeck ក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ក្រុមមន្ត្រីចិននិងក្រុមមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានឯកភាពគ្នាដើម្បីចាប់ផ្ដើមបើកកិច្ចពិភាក្សាស្ដីពីសំណើដំឡើងពន្ធលើការនាំចូលរថយន្ដអគ្គិសនីផលិតដោយចិន ចូលក្នុងទីផ្សារអឺរ៉ុប ខណៈដែលមានការព្រួយបារម្ភពីការផ្ទុះឡើងនូវសង្រ្គាមពាណិជ្ជកម្មរវាងចិន នឹងសហភាពអឺរ៉ុប៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)