ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយ ជនល្មើសឈ្មោះ ស្រី ស៊ីណា

ចែករំលែក៖

ភ្នំពេញ ៖ ទាំងយប់ ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយ ជនល្មើសឈ្មោះ ស្រី ស៊ីណា ! 

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មហាជនមានការចាប់អារម្មណ៍ជាច្រើន ជុំវិញករណី បាញ់ប្រហារដ៏សាហាវមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន ២នាក់ និងរងរបួសចំនួន ២នាក់។ ដោយយោងតាម សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អង្គហេតុ ដែលជាលទ្ធផលនៃការស្រាវជ្រាវក្នុង ដំណាក់កាលស៊ើបអង្កេត នៅក្នុងសំណុំរឿងនេះ មានដូចតទៅ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅខណ្ឌ ច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នូលខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់, ជនល្មើសបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងបានឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែង កើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះដែរ, ឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ នៅក្នុងករណីនេះ, ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទ ប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ចំនួន ៣ បទល្មើស គឺ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់។

ការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបាន បញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាម ច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ ជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មី បន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមាន ក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវខាងលើនេះ និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះ ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនសាធារណជន ដូចខាងក្រោម ៖

ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយ ណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែ ទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។

ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និង បន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាម មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ង ឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាច ជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ នូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើ លទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើ ឃាតកម្មខាងលើ។

ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោស ដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និង ស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានា ដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

ទី៤-ការចោទប្រកាន់ខាងលើនេះគឺធ្វើឡើងដោយផ្អែកតាមអង្គហេតុនិងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានសុីជម្រៅបន្ថែមទៀតដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនថា ក្នុងករណីស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែមដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុនិងបទចោទប្រកាន់,ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះមានសិទ្ធអំណាចតាមច្បាប់ក្នុងការកែប្រែបទចោទប្រកាន់ទៅតាមអង្គហេតុ,ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាម ច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ ជូនជនរងគ្រោះនៅក្នុងសំណុំរឿងទាំងពីរខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖