ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ចាត់ទុកថា បណ្ដាញសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ផែនដីថ្មី PDT-News ចុះផ្សាយបែបញុះញង់ បំផ្លើសពីការណ៍ពិត មួលបង្កាច់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយបែបញុះញង់ បំផ្លើសពីការណ៍ពិត មួលបង្កាច់ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ផែនដីថ្មី PDT-News ដែលបានភ្ជាប់ជាមួយខ្លឹមសារថា «បែកធ្លាយរឿងឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយបំផ្លាញព្រៃឈើដ៏ធំធេង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ ចាត់វិធានការផង»។ 

រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺព័ត៌មានថា ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ដែលមានខ្លឹមសារថា៖ បែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ ចាត់វិធានការផង។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖

១. កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំ ណែនាំរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឋានៈជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ ឆែកឆេរទីតាំង៣កន្លែងនៅឃុំឈើតុំ ស្រុកក្រគរ ដោយរកឃើញឈើចម្រុះច្រើនប្រភេទ និងមធ្យោបាយ ប្រព្រឹត្តបទល្មើសមួយចំនួននៅទីតាំងរបស់ឈ្មោះ កោះ សំភី (ហៅតាហយ) ដែលបានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន ជំនាញមានសមត្ថកិច្ចកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីស្វែងរកចាប់ខ្លួនឈ្មោះ កោះ សំភី (ហៅតាហយ) និងបក្សពួក ព្រមទាំងអ្នកពាក់ព័ន្ធឱ្យខាងតែបាន។

២. តាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់ស្ថាប័នជំនាញ លោក រឺ ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវាញ ពុំមានឈ្មោះជាប់ពាក់ព័ន្ធដូចការចុះផ្សាយនោះឡើយ។

៣. មកទល់ពេលនេះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត បាននិងកំពុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ពុំមានការដកតួនាទី ភារកិច្ចពីប្រធានមន្ទីរដើម្បីដាក់លោក រឺ ភារម្យ ជាបេក្ខភាព ជំនួសដូចការចោទប្រកានរបស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ចុះផ្សាយឡើយ។

៤. តាំងពីការចូលកាន់តំណែងជាអភិបាលខេត្ត លោក ខូយ រីដា បានចាត់ទុកការបម្រើប្រជាពលរដ្ឋនិងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសជាកិច្ចការអាទិភាពបំផុត និងបានចាត់វិធានការផ្លូវច្បាប់ចំពោះ ជនល្មើសជាបន្តបន្ទាប់។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចំពោះការចុះផ្សាយរបស់គណនី ហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ដែលជាការចុះផ្សាយមានលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ផ្សាយបំផ្លើសពីការណ៍ពិត មូលបង្កាច់ និងធ្វើការវាយតម្លៃថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដើម្បីកេងយកចំណេញ ប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួនប្រាស់ចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

រដ្ឋបាលខេត្តសូមស្នើឱ្យគណនីហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ធ្វើការកែតម្រូវអំពីការចុះផ្សាយបំផ្លើស ការណ៍ពិតរបស់ខ្លួនឡើងវិញជាបន្ទាន់។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖